(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនជាង៥០០នាក់ ក្នុងខណ្ឌច្បារអំពៅ ដែលបានមកពិនិត្យ និងព្យាបាលជំងឺ បានសម្ដែងនូវអារម្មណ៍ត្រេតអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូពេទ្យ និងមន្ទីរពេទ្យដែលបានរៀបចំពិនិត្យព្យាលបាល និងផ្ដល់ថ្នាំសង្កូវជូនដល់អ្នកជំងឺដោយឥតគិតថ្លៃ។
ការពិនិត្យព្យាលបាល និងផ្ដល់ថ្នាំសង្កូវដល់អ្នកជំងឺនេះ ធ្វើឡើងនៅក្នុងកម្មវិធីសប្បុរធម៌ ពិនិត្យពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការឧបត្ថមពីមន្ទីរពេទ្យ «ជោរៃភ្នំពេញ» និងមានការចូលរួមសហការជាមួយនឹង រដ្ឋបាលសាលាខណ្ឌច្បារអំពៅ, សហភាពសហព័ន្ធយុវជនកម្ពុជា ហើយក៏មានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនទីក្រុង «ហូជីមីង» នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
ក្នុងឱកាសនោះ លោក DOAN KIM THANH ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនទីក្រុង «ហូជីមីង» បានលើកឡើងថា សមាគមយុវជនស្ម័គ្រចិត្តវៀតណាម បានបង្កើតកម្មវិធីស្ម័គ្រចិត្តមួយ ដើម្បីចុះមកពិនិត្យសុខភាពប្រជាជនកម្ពុជា ចំខួប៥០ឆ្នាំ នៃកិច្ចសហការគ្នារវាយុវជនស្ម័គ្រចិត្តវៀតណាម ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយបានពិនិត្យសុខភាពពលរដ្ឋខ្មែរជាង១ពាន់នាក់ នៅក្នុងខណ្ឌច្បារអំពៅនេះ (ស្ថិតិនេះរាប់បញ្ចូលនឹងការព្យាបាលពលរដ្ឋសម្រាប់ថ្ងៃស្អែកនៅខណ្ឌដង្កោ)។
បើតាមការបញ្ជាក់ពីប្រធានសមាគមវៀតណាមរូបនេះ សមាគមយុវជនស្ម័គ្រចិត្តវៀតណាម និងសហការជាមួយសហភាពយុវជនកម្ពុជា ដើម្បីចុះទៅពិនិត្យសុខភាពពលរដ្ឋកម្ពុជា នៅតាមខេត្តជាបន្តទៀត សម្រាប់ខណៈនេះ កិច្ចសហប្រតិបត្តិការនេះបានត្រឹមក្នុងរាជធានីភ្នំពេញជាមុនសិន។
គួរបញ្ជាក់ថា ការចុះពិនិត្យសុខភាពប្រជាពលរដ្ឋកម្ពុជា ដោយមិនគិតថ្លៃ និងមានការចូលរួមសហការជាមួយនឹង រដ្ឋបាលសាលាខណ្ឌច្បារអំពៅ, សហភាពសហព័ន្ធយុវជនកម្ពុជា គឺមានការចូលរួមពី ហើយក៏មានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនទីក្រុង «ហូជីមីង» ជាលើកដំបូងទី២ហើយ នៅក្នុងកិច្ចសហប្រតិបត្តិការនេះ។
លោក នូ សុផាត រស់នៅភូមិដើមអម្ពិល សង្កាត់ច្បារអំពៅ១ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែល ក្រុមគ្រូពេទ្យស្ម័គ្រចុះពិនិត្យសុខភាពពលរដ្ឋ ដោយមិនគិតថ្លៃ នឹងបានស្នើសុំឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឧស្សាហ៍ចុះមកពិនិត្យសុភាពពលរដ្ឋ នៅតំបន់គាត់រស់នៅនេះ ឲ្យបានញឹកញាប់បន្តិច។
បច្ចុប្បន្ន លោក នូ សុផាត កំពុងមានជំងឺរលាកសួត បញ្ជាក់ថា «ខ្ញុំសប្បាយដែលគេមកព្យាបាលជំងឺដោយមិនយកលុយ ព្រោះកន្លងមកវាមិនដែលមានអញ្ជឹង! ខ្ញុំសំណូមពរឲ្យគ្រូពេទ្យស្ម័គ្រហ្នឹង ឧស្សាហ៍ចុះមកផងដោយសារពលរដ្ឋក្រីក្រខ្វះខាតលុយកាកទៅព្យាបាលជំងឺ»។
សូមបញ្ជាក់ថា អំពើសប្បុរសធម៌របស់មន្ទីរពេទ្យ «ជោរៃភ្នំពេញ» នេះ មិនមែនជាលើកទី១នោះទេ ក្នុងការព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ លើសពីនេះមន្ទីរពេទ្យព្យាបាលជំងឺមួយនេះ នឹងពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការព្យាបាលជូនប្រជាពលរដ្ឋតាមបណ្តាលខេត្តទៅទៀត ដែលនេះឆ្លុះបញ្ជាំងពីការយកចិត្តដាក់ពីមន្ទីរពេទ្យឯកជនមួយនេះ៕