(កំពង់ធំ)៖ ព្រឹកថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៧នេះ លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្ត និងជាប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ក្នុងការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទីបី របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងនូវការងារ សហគមន៍ក្នុងការជួយស្រ្តី និងកុមារ ដើម្បីលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ។

លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ធ្វើរបាយការណ៍ដោយលើកឡើងថា គណកម្មការសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍក្នុងត្រីមាសទី៣បានអនុវត្តការងារមួយចំនួនដែល រួមមាន៖ ធ្វើការផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយធ្វើការពន្យល់ និងផ្សព្វផ្សាយអំពីច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ការការពារជនរងគ្រោះការទប់ស្កាត់ការជួញដូរមនុស្ស ការចុះអត្រានុកូលដ្ឋាន ការចាក់វ៉ាក់ស៊ាំងការពារជម្ងឺ១១មុខដល់កុមារ ការចុះឈ្មោះចូលរៀនរបស់កុមារ និងការជម្រុញឲ្យស្រ្តីមានផ្ទៃពោះទៅពិនិត្យ និងសម្រាលនៅមណ្ឌលសុខភាព។

ឱកាសនោះលោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា ការងារស្រ្តីនៅក្នុងសង្គមពិតជាមានសារសំខាន់ណាស់ក្នុងការជួយអភិវឌ្ឃន៍សង្គម ឲ្យមានភាពប្រសើរឡើងព្រោះស្ត្រីគឺជាមាតាដែលជួយទាំងការអប់កូន អ្នកស្វែងរកចំណូលបន្ថែមក្នុងគ្រួសារ ជាពិសេសជាមេផ្ទះដែលថែរក្សា នូវសុខភាពដ៏ល្អប្រសើរតាមរយៈការថែរក្សានូវអនាម័យ ការការពារជំងឺ និងមានការយល់ដឹងពីតួនាទី និងភារកិច្ចក្នុងការអភិវឌ្ឍន៍សង្គម ហើយក្នុងការជម្រុញស្ត្រីដើរតួយ៉ាងសំខាន់ក្នុងសង្គម ឲ្យកាន់តែមានប្រសិទ្ធិភាពទៀតនោះយើងត្រូវ ធ្វើការផ្សព្វផ្សាយ។

លោកស្រី ឃួន ឃុនឌី បានជំរុញឲ្យស្រ្តីទៅចូលរួមបោះឆ្នោតសភានី តិកាលទី៦ខាងមុខនេះ ដល់គ្រប់ស្ថាប័នអង្គភាពដែលជាអ្នកផ្តល់សេវាជូន ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ផ្តលជូនតាមបែបសមធម៌សង្គម និងបរិយាបថល្អ និងបន្តផ្សព្វផ្សាយអនុសាសន៍៦ចំណុច និង១១ចំណុច ធ្វើការពង្រឹងសមាគមនារី បន្ថែមទៀតជាពិសេសត្រូវជំរុញអនុសាខាសមាគមនារី ក្រុងស្រុកចុះមូលដ្ឋានដើម្បីពង្រឹងបណ្តុះបណ្តាលដល់ស្ត្រី ក្នុងសហគមន៍ ឲ្យមានការយល់ដឹងបន្ថែមទៀតពីការអប់រំកូនការថែរក្សាសុខភាព និងការរៀបចំផែនការគ្រួសាផងដែរ។

លោកស្រី ស៊ិន ស៊ីផាន បានថ្លែងថា ចំពោះកិច្ចសហការជាតិវិញសមាគនារី បានធ្វើសកម្មភាពលើគម្រោងការពារទប់ស្កាត់ជំងឺអេដស៍ ថែទាំ និងគាំទ្រស្រ្តីដែលធ្វើការងារនៅតាមសេវាកំសាន្តក្នុងខេត្ត និងក្រុមស្រ្តីឯករាជ្យឧត្ថម្ភគាំទ្រពីមូលិធិសកលគម្រូថ្មីតាមរយៈអង្កការ (ខាណា) ដែលមានតំបន់គោលដៅនៅក្រុងស្ទឹងសែន មាន១២សង្កាត់ ភូមិ១២៕