(ភ្នំពេញ)៖ មិត្តអ្នកអានដែលបានទៅឃើញផ្ទាល់បានអះអាងថា បច្ចុប្បន្ននេះបទល្មើសនេសាទប្រភេទលបណរ៉ាវ (ស្បៃមុង) ត្រូវបាន ឈ្មួញជាអ្នកនេសាទឃុបឃិតគ្នា ដាក់ពេញព្រៃលិចទឹក នៃបឹងទន្លេសាបឡើងគគ្រឹកគគ្រេងទៀតហើយ ដោយគេនៅមិនទាន់ឃើញ សមត្ថកិច្ចជំនាញជលផល និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត នាំគ្នាចុះទៅបង្ក្រាបនៅឡើយទេ។
តាមការអះអាងរបស់អ្នកស្រុកមោងឬស្សី ខេត្តបាត់ដំបងបានអោយដឹងថា បច្ចុប្បន្ននេះបទល្មើសនេសាទលបណរ៉ាវ(ស្បៃមុង) ដែលមានប្រវែងចាប់ពី៣,០០០ម៉ែត្រ ទៅដល់៥,០០០ម៉ែត្រ ត្រូវបានឈ្មួញអ្នកនេសាទធំៗ ឃុបឃិតគ្នាជាមួយជំនាញ និងមន្ត្រីអាជ្ញាធរផ្សេងៗទៀត ដាក់ពេញព្រៃលិចទឹកនៅតាមទំនាបមាត់បឹងទន្លេសាប ដោយមិនមានមន្ត្រីសមត្ថកិច្ចធ្វើការចុះបង្ក្រាបទ្រុង ទ្រាយធំដូចឆ្នាំមុនៗនោះឡើយ។
អ្នកស្រុកបានអះអាងថា ដូចករណីបទល្មើសឃើញក្នុងរូបថតនេះស្រាប់ គឺពួកគាត់ទៅឃើញ និងថតបានថ្មីៗនេះ គឺពួកឈ្មួញបានដាក់នៅតាមព្រៃលិចទឹកនាមាត់បឹងទន្លេសាប ត្រង់ចំណុចភូមិសាស្ដ្រ ភូមិដូនទ្រី ឃុំជ្រៃ និងភូមិមន្ដាក ឃុំលាស់ ស្រុកមោងឫស្សី ខេត្ដបាត់ដំបង និងចំណុចផ្លូវសូនីរហូតដល់ចំណុចក្បាលស្ទឹង ។ ដូច្នេះសូមអោយ មន្ដ្រីជំនាញជលផល និងមន្ត្រីពាក់ព័ន្ធដ៏ទៃទៀតជួយចុះទៅបង្ក្រាបផង បើមិនដូច្នេះទេ កូនត្រីដែលកើត និងធំធាត់រស់នៅ តាមព្រៃលិចទឹកទាំងអស់នោះ ពេលទឹកស្រកទៅវិញគឺមិនអាចហូចុះតាមទឹកចូលទៅបឹងទន្លេសាបបានឡើយ គឺជាប់ត្រឹមលបណរ៉ាវស្បៃមុងអស់ហើយ។
អ្នកស្រុកបានបន្តថា លបណរ៉ាវដែលឈ្មួញអ្នកនេសាទ ដាក់ដល់រាប់ពាន់ម៉ែត្របែបនេះ គឺប្រជានេសាទធម្មតាមិនមានលទ្ធភាពដាក់នោះទេ ព្រោះវាត្រូវការដើមទុនរាប់ម៉ឺន រាប់សែនដុល្លារឯណោះ ទាល់តែ ឈ្មួញធំៗដែលមានមន្ត្រីធំៗ ជាអ្នកឈរកាងទើបអាចដាក់បាន។
សូមបញ្ជាក់ថា មួយឆ្នាំពីរកន្លងមកដោយសារប្រមុខរាជរដ្ឋាភិបាល ស្រែកបញ្ជាការបង្ក្រាបបទល្មើសនេសាទទ្រុងទ្រាយធំនៅ លើផ្ទៃបឹងទន្លេសាប និងតាមព្រៃលិចទឹក គឺមានសកម្មភាពសស្រាក់សស្រាំណាស់ ធ្វើអោយឈ្មួញធំៗមួយចំនួនមិនប្រថុយចំណាយ លុយរាប់ម៉ឺន រាប់សែនដុល្លារយកទៅបោះចោលនោះឡើយ ធ្វើអោយមហាជនសាទរ និងលើកឡើងថាបើមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធធ្វើការបង្ក្រាប ដូច្នេះអោយបានតែ៣-៤ឆ្នាំជាប់ៗគ្នា ច្បាស់ជាឈ្មួញលែងហ៊ានប្រព្រឹត្តបទល្មើសទ្រុងទ្រាយធំទៀតហើយ ព្រោះខាតរាល់ឆ្នាំដោយសារតែ សមត្ថកិច្ចបង្ក្រាបចាប់យកឧបករណ៏ទៅបំផ្លាញចោល តែឆ្នាំនេះបែរជាស្ងាត់ជ្រាប ឃើញបង្ក្រាប តែទ្រុងទ្រាយតូចៗទៅវិញ៕