(ភ្នំពេញ)៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស ចុះទៅបំពេញទស្សនកិច្ច មើល គ្រាប់បែកគីមីរបស់អាមេរិក២គ្រាប់ ដែលបន្សល់នៅឯខេត្តស្វាយរៀង ហើយសម្តេចនាយករដ្ឋមន្រ្តីក៏បានស្នើអាមេរិកឲ្យគិតគូរពីបញ្ហាគ្រាប់បែកបន្សល់នៅលើដីខ្មែរ កាលពីសម័យសង្រ្គាមទម្ងន់ជិត ៣លានតោនផងដែរ ដោយមិនត្រូវគិតតែពីរឿងទារបំណុល និងអដ្ឋិធាតុទាហានអាមេរិកនោះទេ។

ភ្លាមៗបន្ទាប់ប្រសាសន៍ដ៏មុតស្រួចរបស់មេដឹកនាំកំពូលរបស់កម្ពុជា ប្រជាពលរដ្ឋខ្មែរបានផ្ញើជាលិខិតមិត្តអ្នកអាន មកកាន់អង្គភាពព័ត៌មាន Fresh News ដោយសម្តែងការគាំទ្រពេញទំហឹង និងខ្លាំងក្លាជាទីបំផុត ដែលសហរដ្ឋអាមេរិក ដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះគ្រាប់បែកគីមីដ៏សាហាវរបស់ខ្លួន «គ្រាប់បែក ដែលផលិតនៅអាមេរិក (Made in USA)» អាមេរិកត្រូវតែយកចេញទៅវិញ គ្រាប់បែកទាំងនេះនៅជាកម្មសិទ្ធិរបស់ទព័អាកាស អាមេរិកនៅឡើយ ហើយសូមកាត់បំណុលកខ្វក់ដែលកម្ពុជាជំពាក់ផង ព្រោះបំណុលរបស់ខ្មែរ ដែលជំពាក់នោះគឺនៅលើគ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលទម្លាក់លើក្បាលរាស្រ្តខ្មែរ សម្លាប់រាប់លាននាក់ កាលពីសម័យសង្គ្រាម។

ចំណែកគ្រាប់បែកគីមីដ៏សាហាវចំនួន២គ្រាប់ ដែលទើបរកឃើញនៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានទម្ងន់២០០គីឡូក្នុងមួយគ្រាប់ ដែលទម្លាក់ដោយ យន្តហោះរបស់អាមេរិក នៅសម័យសង្រ្គាមអាមេរិកនៅកម្ពុជា ក្នុងទស្សវត្សឆ្នាំទី៧០។ នៅពេលនេះគ្រាប់ទាំងពីរនេះបានកំពុងគំរាមកំហែងយ៉ាងខ្លាំង និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ សិស្ស និងព្រះសង្ឃ ដែលកំពុងរស់នៅក្បែរតំបន់នោះ។

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វត្តមានគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀង កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងសម្រាប់ ប្រជាពលរដ្ឋនៅតំបន់នោះ ហើយក៏កំពុងបង្កការលំបាកដល់មន្រ្តីជំនាញផងដែរថា មិនដឹងត្រូវចាត់ការរបៀបណាទៅលើគ្រាប់នោះ ព្រោះបើបំផ្ទុះសារធាតុគីមីនឹង ជះឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋ។ សម្តេចតេជោបញ្ជាក់ថា សារធាតុគីមីរបស់គ្រាប់បែកនោះ វានឹងធ្វើឲ្យមនុស្សពិការរូបរាងកាយ និងពិការភ្នែកជាដើម។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា នឹងគិតគូរលើបញ្ហាគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀង ក៏ដូចជាគ្រាប់បែករបស់អាមេរិកដទៃទៀត ដែលកំពុងកប់ក្នុងដីកម្ពុជា។

ការមានប្រសាសន៍បែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ មកពីបណ្តារោងចក្រនានា នៅក្នុងខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ៕