(ប៉ៃលិន)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវ ដល់ប្រជាពលរដ្ឋកសិករដែលចិញ្ចឹមសត្វគោ ក្របី ឲ្យមានការប្រុងប្រេយ័ត្នខ្ពស់ ខណៈពេលបច្ចុប្បន្ននេះជំងឺអុចក្តាម កំពុងមានវត្តមានទៅលើ សត្វគោ ក្របី នៅខេត្តប៉ៃលិន។
លោកស្រី ហោ ម៉ាលីន អំពាវនាវបែបនេះ ក្នុងឱកាសលោកស្រី រួមជាមួយលោក ផាន់ ចាន់ថុល អភិបាលរងខេត្តប៉ៃលិន និងលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តបានដឹកនាំមន្រ្តីជំនាញបសុព្យាបាល និងក្រុមការងារចុះបាញ់ថ្នាំជីវសុវត្ថិភាពនៅភូមិ ព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសលាក្រៅ ខេត្តប៉ៃលិន។
លោកស្រី ហោ ម៉ាលីន នៅក្នុងឱកាសនោះ លោកស្រីក៏បានជំរុញ និងណែនាំដល់មន្រ្តីជំនាញត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងព្យាបាលជំងឺសត្វ តាមបច្ចេកទេសបសុព្យាបាល ផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យចូលរួមការពារជំងឺឆ្លងពីសត្វឈឺទៅសត្វមិនឈឺដូចជាការចាក់ថ្នាំវ៉ាក់សាំង បង្ការនៅតំបន់ដែលមិនទាន់មានជម្ងឺ និងទប់ស្កាត់ការចរាចរណ៍សត្វពីតំបន់ដែលមានជំងឺទៅតំបន់ដែលគ្មានជំងឺដើម្បីការពារការឆ្លងរីករាលដាល។
លោក ផាន់ ចាន់ធុល បានថ្លែងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោ ក្របី ត្រូវចេះ តាមដានពីអារៈជំងឺសត្វរបស់ពួកគាត់ ឲ្យបានទៀងទាត់ដើម្បីឲ្យដឹងពីស្ថានភាពជំងឺរបស់សត្វ ជាពិសេសត្រូវប្រញាប់ជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឲ្យមន្រ្តីបសុពេទ្យឬពេទ្យភូមិ ធ្វើការចុះមកព្យាបាលបានទាន់ពេលវេលា ជាសវាងទុកបណ្តោយរហូតដល់សត្វងាប់ដែលនាំឲ្យខាត់បង់សេដ្ឋកិច្ច ក្រុមគ្រួសារ។
លោក ប្រុស ប៉េ អាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានថ្លែងឲ្យដឹងថា បច្ចុប្បន្នគាត់ចិញ្ចឹមគោ ជាង៤០ក្បាល ហើយចាប់តាំងពីគាត់ចញចិញ្ចឹមមកគាត់មិនដែលជួបប្រទះសត្វគោ កើតជម្ងឺអុតក្តាមច្រើនយ៉ាងនេះទេ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្នានខាងលើ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងមន្ត្រីជំនាញដែលបានចុះមកព្យាបាលសត្វគោ របស់គាត់បានទាន់ពេលវេលា ដោយមិនចំណាយថវិកាក្នុងការទិញថ្នាំព្យាបាល បើមិនដូច្នេះទេគាត់ច្បាស់ជាខាតបង់ធំជាក់ជាមិនខាន។
បើតាមការបញ្ជាក់របស់លោក ខៀវ សុថុន ប្រធានការិយាល័យបសុព្យាបាល បានឲ្យដឹងថា កាលពីដើមខែកញ្ញា មានករណីផ្ទុះជំងឺអុតក្តាម លើសត្វគោ ក្របី របស់ប្រជាកសិករនៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនចំនួន១៨៦ក្បាល បានឈឺ និងបានងាប់ចំនួន៣ក្បាល ហើយក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌក៍រីករាលដាលដល់ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបណ្តាលឲ្យសត្វគោឈឺចំនួន ២២៧ក្បាល ហើយបច្ចុប្បន្នមន្ត្រីជំនាញបសុព្យាបាល កំពុងធ្វើការព្យាបាល និងបាញ់ថ្នាំជីវសុវត្ថិភាពនៅក្នុងភូមិដើម្បីទប់ស្កាត់ការរីករាលដាល៕