(កំពង់ស្ពឺ)៖ លោក ជួន សំណាង តំណាងឲ្យក្រុមហ៊ុន សុខ វាសនា អ៊ីមផត អិចផត ដែលមានទីតាំងស្ថិតក្នុងភូមិកណ្តុរកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ បានដាក់លិខិតជូនលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយស្នើសុំដកការព្យួរអាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម (សម្រាប់អាជីវកម្មខ្សាច់សំណង់) របស់ក្រុមហ៊ុនឲ្យបានដំណើរការឡើងវិញ បន្ទាប់ពីក្រសួងរ៉ែ និងថាមពល បានសម្រេចព្យួទុកអាជ្ញាបណ្ណក្រុមហ៊ុន រយៈពេល០៦ខែ ដោយយោងតាមដីការក្សាពារ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។

នៅក្នុងលិខិតដាក់ជូនលោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «ដីការក្សាពារ លេខ ៤៧២ (ក) ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកំពង់ស្ពឺ មិនបានចុះអនុវត្តស្របតាមច្បាប់ដែរ តែក្រុមហ៊ុនបានដាក់ពាក្យសុំតវ៉ា ភ្លាមៗដែរចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ចំពោះដីការរក្សាការពារនោះដែរ ដោយក្រុមហ៊ុនសំអាងថា បានធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៏ស្របច្បាប់របស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះក្រុម ហ៊ុនក៏បានធ្វើ លិខិតជូនដំណឹងជាមុន ស្តីអំពីការសុំរំលាយកិច្ចព្រមព្រៀង ជាមួយលោក រស់ ចិន្តា ភេទប្រុស អាយុ៤៣ រស់នៅផ្ទះ២៦១ ផ្លូវលេខ១៥៦z ភូមិ២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ ចុះថ្ងៃទី ២៤ខែឧសភា ឆ្នាំ២០១៧ ដែលកិច្ចព្រមព្រៀងនោះ បានធ្វើឡើងជាមួយក្រុមហ៊ុនកាលពី ថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយសារមូលហេតុតែភាគីលោក រស់ ចិន្តា មិនបានអនុវត្តជាមួយក្រុមហ៊ុនឲ្យមានប្រសិទ្ធិភាព និងមិនទទួលបានលទ្ធផលទេ ដូច្នេះក្រុមហ៊ុនមិនមានប្រាក់ភាគលាភសម្រាប់ផ្តល់ជូនលោក រស់ ចិន្តាឡើយ។ ចំពោះបញ្ហានេះ លោក រស់ ចិន្តា មិនមានភាគហ៊ុននៅក្នុងក្រុម ហ៊ុន សុខ វាសនា អ៊ីមផត អិចផត ស្ថិតក្នុងភូមិកណ្តុរកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនោះសូម្បីតែមួយរៀលលុយខ្មែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការក្តីជាមួយលោក រស់ ចិន្តា ស្របតាមផ្លូវរបស់តុលាការដែរ ដែលលោក រស់ ចិន្តា កំពុងបន្តប្តឹងជាមួយប្រធានក្រុម ហ៊ុន សុខ វាសនា អ៊ីមផត អិចផត ជាលក្ខណៈបុគ្គលទល់ និងបុគ្គលទៅតាមផ្លូវតុលាការ និងទៅតាមស្ថាប័នជាច្រើនទៀត ដែលក្រុមហ៊ុនបានចូលខ្លួនធ្វើការ បំភ្លឺរួចរាល់អស់ហើយ»។

ខាងក្រោមនេះជាលិខិតរបស់ក្រុមហ៊ុន ដាក់ជូ​នលោករដ្ឋមន្រ្តី ស៊ុយ សែម៖