(កំពង់ធំ)៖ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹងរង់ខេត្តកំពង់ធំ បាននាំយកអំណោយ របស់សម្តេចតេជោហ៊ុន សែន ផ្តល់ជូន ចុះសួរសុខទុកដល់ស្តី្រមេម៉ាយកូន៤ ត្រូវស្វាមីបោះបង់ចោល និងមានជីវភាព​ទីទាល់ក្រ រកព្រឹកខ្វះល្ងាច ស្ថិតនៅភូមិក្តថីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានថ្លែងថា ក្រោយពីបានបញ្ចប់ភារកិច្ចក្នុងអង្គភាពបានដឹកនាំសហការីចុះសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ក៏បានប្រទះឃើញអ្នកស្រី អ៊ុន សុត ដែលជាស្រ្តីមេម៉ាយមានជីវភាពក្រខ្សត់ក្រោយស្វាមី ចុះចោលទៅអ្នកស្រីខិតខំរកស្លឹកត្នោត និងឈើ ឬស្សីដើម្បីបានសង់ខ្ទមធ្វើជាជម្រកស្នាក់នៅ ជាមួយនឹងកូនៗ៤នាក់ រហូតមកដល់បច្ចុប្បន្ន។

លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានសាខាកាកបាទក្រហមកម្ពុជា ដែលលោកទាំង២ បានយកចិត្តទុកដាក់ ទៅលើបងប្អូនខ្លាំងណាស់ ដោយមិនប្រកាន់នូវនិន្នាការនយោបាយណាមួយឡើយ ព្រោះយើងទាំងអស់គ្នា ជាប្រជាជនកម្ពុជា ទាំងអស់គ្នា។ ដូច្នេះសូមបងប្អូនត្រូវជឿជាក់ លើគណបក្សប្រជាជនកម្ពុជា យើងដែលមានការរីកចំរើន និងការអភិវឌ្ឍន៏គ្រប់វិស័យគ្រប់ទីកន្លែង ជាពិសេសការរស់នៅរបស់បងប្អូន។

ក្នុងនោះលោក សោម ស៊ុន បាន ផ្តាំផ្ញើរ និងលើកទឹកចិត្តដល់អ្នកស្រីឲ្យតស៊ូបន្ថែមទៀតអប់រំកូនចៅ ឲ្យក្លាយទៅជាមនុស្សល្អរួមទាំងជំរុញ ឲ្យកូនចៅបានចូលរៀនគ្រប់ៗគ្នា ដើម្បីបញ្ជ្រៀសគ្រោះអវិជ្ចាទៅថ្ងៃអនាគត។

អ្នកស្រី អ៊ុន សុត អាយុ៤២ ឆ្នំាជាស្រ្តីមេម៉ាយ ក្រោយពីបែកបាក់គ្រួសារ ស្វាមីបានបន្សល់កូន៤នាក់ ឲ្យរស់នៅក្នុងបន្ទុក គ្មានមុខរបរពិតប្រាកដ ជីវិតរស់នៅក្នុងតែលតោលគ្មានកោះត្រើយ តែទោះជាមានជីវភាពក្រលំបាក យ៉ាងណាក្តី ក៏ខំតស៊ូចិញ្ចឹមកូនទាំង៤នាក់ ទាំងត្រដាប់ត្រដួស ដោយរកមុខរបរទទួលទាន នាំកូនដើរឆ្លុះសត្វតូចៗ (កូនកង្កែប កូនក្អាត់) លក់គ្រាន់បានប្រាក់ទិញអង្ករហូបប្រចាំថ្ងៃ។

ដោយមានការអាណិតអាស៊ូ ពីសំណាក់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួយរំលែកទុក្ខដោយបាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលមានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ឧបត្ថម្ភជូនគាត់នូវអង្ករចំនួន៥០គីឡូក្រាម, មីយើងមួយកេស, ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ, និងថវិកាចំនួន៨ម៉ឺនរៀល។

អ្នកស្រី អ៊ុន សុត បានប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃកម្ពុជាគ្រប់អាណត្តិ និងសូមថ្លែងអំណរគុណ ចំពោះលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពង់ធំ និងសហការី ដែលបានគិតគូរពីជីវភាពរបស់ក្រុមគ្រួសាររបស់ប្អូនស្រី ក៏ដូចជាប្រជាពលរដ្ឋដ៏ទៃ និងសូមជូនពរឲ្យជួបប្រទះតែសេចក្តីសុខជោគជ័យគ្រប់ភារកិច្ច៕