(ភ្នំពេញ)៖ លោក Nuttavudh Photisaro ឯកអគ្គរាជទូតប្រទេសថៃ នៅកម្ពុជាដែលចប់អាណត្តិ បានកោតសរសើយ៉ាងខ្លាំងចំពោះការរីកចម្រើន ស្ទើរគ្រប់វិស័យនៅកម្ពុជា ស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក Nuttavudh Photisaro ថ្លែងបែបនេះ ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូទូតចប់អាណត្តិសម្តែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង នៅព្រឹកថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅទីស្តីការគណរដ្ឋមន្ត្រី។

លោក Nuttavudh Photisaro បានបន្តថា «ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ដែលបានបំពេញការងារជាឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា ក្នុងអាណត្តិរបស់ខ្ញុំ ដោយបានមើលឃើញពីភាពរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេលយ៉ាងខ្លីនេះ ជាពិសេស​បានផ្សារភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អ រវាងថ្នាក់ដឹកនាំនៃប្រទេសពីរ រួមជាប្រជាពលរដ្ឋទាំងអស់ផងដែរ»

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា កម្ពុជា-ថៃ បានរក្សាទំនាក់ទំនងល្អជាមួយគ្នាតាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ប្រជាពលរដ្ឋនៅតាម​បណ្តាយព្រំដែនជាប់គ្នា។ តួយ៉ាងនាពេលបច្ចុប្បន្ននេះ កម្ពុជា-ថៃ បានបើកច្រកព្រំដែនថ្មីមួយទៀតនៅច្រកស្ទឹងបត់ ក្រុងប៉ោយប៉ែត បន្ទាប់មកកម្ពុជា-ថៃ នឹងពិភាក្សាគ្នាលើការបើកច្រកទ្វាអន្តរជាតិមួយទៀត គឺច្រកទ្វាអូនាងក្នុងពេលឆាប់នេះ ព្រោះថា តំបន់នោះជាច្រកដ៏សំខាន់ សម្រាប់ការចរាចទំនិញរវាងប្រទេសទាំងពីរ នឹងបញ្ចប់នៅ១ឆ្នាំ២០២០ខាងមុខនេះ ហើយទៅថ្ងៃអនាគតក្រុងប៉ោយប៉ែត នឹងមានច្រកទ្វាអន្តរជាតិ ចំនួន៣សម្រាប់ធ្វើការចេញចូល។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា បច្ចុប្បន្ននេះភាគីថៃបានផ្តល់ជំនួយជារថភ្លើងមកកម្ពុជា ចំនួន១គ្រឿង និងបើកផ្លូវដែកបោយប៉ែត​ អារេញ្ញ។ ដោយតែកម្ពុជា-ថៃ មានទំនាក់ទំនងល្អដូចនេះហើយ ទើបធ្វើឲ្យពលករខ្មែរចំណាកស្រុកទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលថៃ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា បច្ចុប្បន្ននេះ ពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានទំហំ៥៦០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦​ តែភាគីថៃបញ្ជាទិញទំនិញពីកម្ពុជា មានចំនួនតិចជាងកម្ពុជាបញ្ជាទិញទំនិញពីភាគីថៃ។ ដូច្នេះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើរទៅភាគី​ថៃត្រូវគិតពីបញ្ហានេះ ដើម្បីឲ្យមានតុល្យភាពរវាងប្រទេសទាំងពីរ៕