(ភ្នំពេញ)៖ លោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកស្រី ប៉ូលី ដាន់ហ្វូដ នាយិកាបេសកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឲ្យដំណើរការនូវគម្រោង «កម្ពុជាហាវែស II» ដើម្បីជំរុញកំណើនសាកវប្បកម្មពាណិជ្ជកម្ម នៅតាមបណ្តាខេត្តមួយចំនួន របស់ប្រទេសកម្ពុជា។
គម្រោងនេះ ផ្ដល់មូលនិធិដោយកម្មវិធី Feed the Future Initiative របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិប្រចាំកម្ពុជា (USAID)។ ដែលគម្រោងនេះ មានគោលបំណងជំរុញកំណើនសាកវប្បកម្មពាណិជ្ជកម្ម នៅតាមបណ្តាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជារួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។
លោកស្រី ប៉ូលី ដាន់ហ្វូដ នាយិកាបេសកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងនេះនឹងជួយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង រវាងអ្នកទិញ និងអ្នក ផ្គត់ផ្គង់ផលិតផលសាកវប្បកម្មនៅកម្ពុជា។ លោកស្រីថា ការធ្វើបែបនេះ នឹងជួយដល់កសិករសាកវប្បកម្ម បង្កើនវិធី សាស្រ្តដាំដុះ និងមានទីផ្សារសម្រាប់ផលិតផល។
លោកស្រី ប៉ូលី ដាន់ហ្វូដ បានបន្ថែមទៀតថា «ការជួយដល់ទាំងអ្នកទិញ និងអ្នកលក់ឲ្យទទួលបានជោគជ័យ គឺមានសារៈសំខាន់ចំពោះភាពជោគជ័យ នៃទីផ្សារសាកវប្បកម្មក្នុងប្រទេសកម្ពុជា។ នេះជាហេតុផលដែលយើងមានមោទនភាព ក្នុងការគាំទ្រនូវគំនិតផ្ដួចផ្ដើមថ្មីមួយនេះ ដែលនឹងជំរុញនូវវិស័យដ៏មានសារៈសំខាន់ សម្រាប់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា»។
លោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា «ទាក់ទិនគម្រោងហាវែសនេះ នឹងជំរុញកំណើនក្នុងវិស័យសាកវប្បកម្មពាណិជ្ជកម្ម។ មូលហេតុ ដែលយើងផ្តោតសំខាន់លើវិស័យនេះ ដោយសារថាកម្ពុជាដាំដុះបន្លែត្រឹមតែមួយភាគបីប៉ុណ្ណោះ នៃតម្រូវការរបស់ប្រជាជននាពេលបច្ចុប្បន្ន»។
លោកបានបញ្ជាក់ថា អត្រាកំណើនជាមធ្យមនៃវិស័យសាកវប្បកម្មនៅ កម្ពុជាក្នុងចន្លោះឆ្នាំ២០០៤ និង២០១២ មានប្រមាណ១០%ក្នុងមួយឆ្នាំ ប៉ុន្តែកំណើននេះ បានបង្ហាញនូវ ហេតុផលមួយចំនួន។ ក្នុងនោះរួមមានកង្វះខាតការអនុវត្ត និងបច្ចេកវិទ្យា ព្រមទាំងទីផ្សារនៅមានកម្រិត។
លោកស្រី អេឡិចស៊ីស អេលីខូ ប្រធានគម្រោងកម្ពុជា ហាវែស II បានឲ្យដឹងថា គម្រោងខាងលើនេះ នឹងជួយដល់អ្នកទិញ និងអ្នកលក់ធ្វើការប្រកួតគ្នា កាន់តែមានប្រសិទ្ធភាពថែមទៀត នៅលើទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារអន្តរជាតិ ពង្រីកការលក់ បង្កើតការងារ និងជម្រុញការវិនិយោគ។ លោកស្រីបញ្ជាក់ថា «គម្រោងនេះដែរ គឺមានរយៈពេល០៥ឆ្នាំ ជាមួយនឹងទឹកប្រាក់ ១៧,៥លានដុល្លារអាមេរិក»។
លោកស្រី អេឡិចស៊ីស អេលីខូ បានបន្ថែមថា គម្រោង Feed the Future Harvest II កម្ពុជាបង្ហាញនូវកាលានុវត្តភាពដ៏ប្រសើរក្នុងការអនុវត្ដនូវគំនិតប្រកបដោយភាពច្នៃប្រឌិត ចំពោះរបៀបនៃការធ្វើទីផ្សារគ្រាប់ពូជដំណាំសាកវប្បកម្ម។ លោកស្រីបន្ដថា «យើងទន្ទឹមរង់ចាំមើលនូវការកើនឡើងនូវពាណិជ្ជកម្ម ទំនាក់ទំនងកាន់តែប្រសើរឡើងក្នុងវិស័យនេះ ព្រមទាំងឱកាសវិនិយោគថ្មីៗបន្ថែមទៀត»។
សូមជម្រាបថា គម្រោងនេះ នឹងធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចទីផ្សារ ព្រមទាំងជួយបង្កើតនូវបរិស្ថានមួយដែលនឹងជួយឲ្យទីផ្សារសាកវប្បកម្មមានការរីកលូតលាស់។ សកម្មភាពទាំងនេះ នឹងជួយដល់អ្នកទិញ និងអ្នកលក់ធ្វើការប្រកួតគ្នាកាន់តែមានប្រសិទ្ធភាពថែមទៀត នៅលើទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារអន្ដរជាតិ ពង្រីកការលក់ បង្កើតការងារ និងជំរុញការវិនិយោគ៕