(ភ្នំពេញ)៖ ក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ស្ថាប័នរដ្ឋ វិស័យឯកជន សហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឲ្យបានសកម្ម និងខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកជំរុញចលនាទេសចរណ៍ក្នុងស្រុក ក៏ដូចជាខិតខំទាក់ទាញទេសចរអន្តរជាតិឲ្យបានច្រើនថែមទៀតដែរ។

ទិវាទេសចរណ៍ពិភពលោក នៅឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «និរន្តរភាពទេសចរណ៍ ជាយន្តការសម្រាប់ការអភិវឌ្ឍ» លើទឹកដីខេត្តកែប ដែលរៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប អមជាមួយនឹង​ «ឆ្នាំអន្តរជាតិ ២០១៧ នៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព (2017 International Year of Sustainable Tourism for Development)»។

ក្នុងសារលិខិតខាងលើ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៧ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្នើស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ចូលរួមអភិវឌ្ឍទេសចរណ៍ឲ្យបានសកម្ម និងកាន់តែខ្លាំងក្លាថែមទៀត»

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បាននិងកំពុងជំរុញទីផ្សារទេសចរណ៍ធុរកិច្ច ជំរុញចលនាទេសចរណ៍ក្នុងស្រុក អភិវឌ្ឍផលិតផលទេសចរណ៍ «ខេត្តមួយ កញ្ចប់ទស្សនកិច្ចមួយ» និងជំរុញការអភិវឌ្ឍ «តំបន់មួយ ព្រឹត្តិការណ៍មួយ» ព្រមទាំងខិតខំរៀបចំទីផ្សារទេសចរណ៍យុវជន (Youth Tourism) ទីផ្សារទេសចរណ៍ទីក្រុង (Urban Tourism) និងទីផ្សារទេសចរណ៍ទិញទំនិញ (Shopping Tourism)។

សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ បន្តចូលរួមគាំទ្រ និងរួមចំណែកឲ្យកាន់តែសកម្ម ក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា តាមរយៈការថែរក្សាសម្បត្តិវប្បធម៌ រក្សាប្រពៃណីជាតិ ការពារបរិស្ថាន លើកកម្ពស់គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ រក្សាសុខសន្តិភាព និងធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរផងដែរ។

សូមជម្រាបថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៧នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងរកការចូលរួមរបស់វិស័យទេសចរណ៍ ទៅក្នុងគោលដៅការអភិវឌ្ឍប្រកបដោយនិរន្តរភាព (Sustainable Development Goals) ដោយឈរលើគោលការណ៍នៃ «ការមិនទុកបុគ្គលណាម្នាក់នៅពីក្រោយ Leaving no one behind»៕