(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស ចុះទៅបំពេញទស្សនកិច្ចមើល គ្រាប់បែកគីមីរបស់អាមេរិក២គ្រាប់ ដែលបន្សល់នៅឯខេត្តស្វាយរៀង។ សម្តេចនាយករដ្ឋមន្រ្តីក៏បានស្នើអាមេរិកឲ្យគិតគូរពីបញ្ហាគ្រាប់បែកបន្សល់នៅលើដីខ្មែរ កាលពីសម័យសង្រ្គាមទម្ងន់ជិត ៣លានតោនផងដែរ ដោយមិនត្រូវគិតតែពីរឿងទារបំណុល និងអដ្ឋិធាតុទាហានអាមេរិកនោះទេ។

ការថ្លែងអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិក ឲ្យទៅមើលគ្រាប់បែកគីមីនៅខេត្តស្វាយរៀង និងឲ្យអាមេរិកគិតគូរពីគ្រាប់បែកបន្សល់ នៅក្នុងដីនេះបានធ្វើឡើងក្នុងពេល សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ មកពីបណ្តារោងចក្រនានានៅក្នុងខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វត្តមានគ្រាប់បែកគីមី នៅក្នុងខេត្តស្វាយរៀង កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ ហើយក៏កំពុងបង្កការលំបាកដល់មន្រ្តីជំនាញផងដែរថា មិនដឹងត្រូវចាត់ការរបៀបណាទៅលើគ្រាប់នោះ ព្រោះបើបំផ្ទុះសារធាតុគីមីនឹងជះឥទ្ធិពលអាក្រក់ ដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ បានគូសបញ្ជាក់ថា សារធាតុគីមីរបស់គ្រាប់បែកនោះ វានឹងធ្វើឲ្យមនុស្សពិការរូបរាងកាយ និងពិការភ្នែកជាដើម។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា នឹងគិតគូរលើបញ្ហាគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀង ក៏ដូចជាគ្រាប់បែករបស់អាមេរិកដទៃទៀត ដែលកំពុងកប់ក្នុងដីកម្ពុជា។

ពាក់ព័ន្ធគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀងនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី២៧ ខែកញ្ញានេះថា ស៉ីម៉ាក់នឹងភាក្សាជាមួយអាជ្ញាធរគីមី នៃក្រសួងការពារជាតិ ដើម្បីបើកប្រតិបត្តិការដោះគ្រាប់បែកគីមីរបស់អាមេរិក នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងពេលឆាប់ៗនេះ។

លោក ហេង រតនា បានបញ្ជាក់ទៀតថា គ្រាប់បែកគីមីនោះ ជាប្រភេទ Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់បែកគីមីនេះ ស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។

លោកបានបន្ថែមថា នៅពេលបើកប្រតិបត្តិការដោះគ្រាប់បែកគីមីនេះ អាចនឹងត្រូវជម្លៀសប្រជាពលរដ្ឋ នៅតំបន់នោះ ចេញទៅកន្លែងសុវត្ថិភាពមួយរយៈពេលសិន រហូតដល់ប្រតិបត្តិការដោះត្រូវបានបញ្ចប់ ដើម្បីការពារផលប៉ះពាល់ជាយថាហេតុ។

ក្នុងកិច្ចសំណេះសំណាលនោះ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់កម្មករ កម្មការិនីផងដែរ ពីសារៈសំខាន់នៃសុខសន្តិភាព។ សម្តេចបានប្រាប់កម្មករ កម្មការិនីថា មានតែសុខសន្តិភាពតែប៉ុណ្ណោះ ទើបធ្វើឲ្យមានរោងចក្រ សហគ្រាសសម្រាប់ឲ្យកម្មករ កម្មការិនី បន្តធ្វើការងារ និងអាចស្វែងរកប្រាក់ឈ្នួលជួយដល់ក្រុមគ្រួសារ និងទ្រទ្រង់ជីវភាពរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ ក្នុងភ្លើងសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ រវាងកងទ័ពសាធារណៈរដ្ឋកម្ពុជា ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងកងទ័ពតស៊ូរបស់ខ្មែរក្រហម ក្រោយពេលពួកគេធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ភ្លើងសង្រ្គាមនោះ មិនបានផ្តល់ប្រយោជន៍អ្វីនោះឡើយសម្រាប់កម្ពុជា គឺមានតែភាពខ្ទេចខ្ទាំ និងទម្ងន់គ្រាប់បែករបស់ អាមេរិកប្រមាណ ២លាន ៧សែនតោន។

សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំអំពាវនាវទាំងអស់គ្នា មេត្តារួមគ្នារក្សានូវសន្តិភាព ដើម្បីរក្សាដំណើរការនៃការអភិវឌ្ឍ។ គ្មានសន្តិភាព វាមិនអាចមានការអភិវឌ្ឍបានទេ នេះជាបទពិសោធន៍ដែលជីដូនជីតាឪពុកម្តាយរបស់ក្មួយៗបានឆ្លងកាត់។ បងប្អូនមួយចំនួនក៏បានឆ្លងកាត់ដំណាក់កាល ដែលប្រទេសយើងមានសង្រ្គាម តើយើងបានអភិវឌ្ឍន៍អ្វីខ្លះទៅ មិនមានការអភិវឌ្ឍណាមួយកើតឡើង ក្រៅតែពីបំផ្លិចបំផ្លាញដោយគ្រាប់បែក ២លាន ៧សែនតោន។ ឥឡូវខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអាមេរិក នឹងពិនិត្យមើលឡើងវិញ ហើយបើអាចធ្វើទៅបានកុំមកយកតែឆ្អឹងខ្មោច នៅស្រុកខ្មែរ មកជួយយកគ្រាប់បែក ដែលនៅសេសសល់ពីស្រុកខ្មែរទៅវិញផង»

សូមបញ្ជាក់ថា ក្នុងអំឡុងពេលសង្គ្រាមរវាងកងទ័ពសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ជាមួយកង ទ័ពខ្មែរក្រហមគាំទ្រដោយរដ្ឋាភិបាលចិន ក្នុងទសវត្សរ៍ឆ្នាំ៧០ អាមេរិក បានទម្លាក់គ្រាប់បែកជិត ៣លានតោននៅលើទឹកដីកម្ពុជា។ គ្រាប់បែកទាំងនោះ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរប្រមាណជាកន្លះលាននាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើនលាននាក់ ត្រូវបានស្លាប់ ដោយសារជំងឺ ហើយប្រជាពលរដ្ឋខ្មែររាប់លាននាក់ទៀត ត្រូវនិរាស្រ្តព្រាត់ប្រាស់ពីផ្ទះសម្បែងផងដែរ៕