(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី បានអញ្ជើញប្រគល់ម៉ូតូថ្មីស្រឡាងចំនួន១២គ្រឿង ជូនដល់សិស្សប្រឡងជាប់និទ្ទេស A ទូទាំងព្រៃវែង នាសម័យប្រលងសញ្ញាបត្រទុតិយភូមិកាលពីថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ។
ក្រុមជំនួយការលោក ស សុខា បានឲ្យដឹងថា ចំពោះការផ្តល់ម៉ូតូខាងលើនេះ គឺជាការលើកទឹកចិត្តពីសំណាក់លោកតំណាងរាស្រ្ត ស សុខា និងលោកស្រី ដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ ដែលប្រឡងបាននិទ្ទេស A ដោយក្នុងម្នាក់ៗ ទទួលម៉ូតូ១គ្រឿង។ ក្រៅពីការផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូនេះ សិស្សថ្នាក់ទី១២ ទាំងអស់ទូទាំងខេត្តព្រៃវែង ក៏ទទួលបានផងដែរដូចជា៖ វគ្គបំប៉ន (រៀនគួរ) មុខវិជ្ជាសំខាន់ៗ ដោយឥតគិតថ្លៃ វគ្គទំរង់ទិស ( វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ) អាហារូបករណ៍ទាំងក្នុង និងក្រៅស្រុកព្រមទាំងដំណើរទស្សនកិច្ចសិក្សា នៅប្រទេសមហាអំណាច១សប្តាហ៍ ថែមទៀត ពីលោក ស សុខា និងលោកស្រី។
ចំពោះគំរោងសំរាប់ផ្តល់សិស្សជាប់និទ្ទេស A ខាងលើនេះ មិនត្រឹមតែសិស្សនៅក្នុងខេត្តព្រៃវែងទេ តែសម្រាប់សិស្សខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក៏ទទួលបានពីលោក ស សុខា និងលោកស្រី ផងដែរ។
សូមបញ្ជាក់ផងដែរថា សំរាប់កម្មវិធីព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ លោក ស សុខា និងលោកស្រី រួមនឹងលោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធាន សសយក ខេត្តព្រៃវែង ក៏អញ្ជើញប្រកាសទទួលស្គាល់ សមាសភាព សសយក សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទាំង១៦ សាខាក្រុងព្រៃវែង ដែលកម្មវិធីទាំងអស់នេះ គឺប្រារព្ធនៅកីឡាដ្ឋានបាល់ទះ សសយក ខេត្តព្រៃវែង៕