(ភ្នំពេញ)៖ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា នឹងរៀបចំវេទិការតម្រង់ទិសស្ដីពី ការជ្រើសរើសមុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ និងការអភិវឌ្ឍជំនាញ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ខាងមុននេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC។
តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ វេទិកាខាងលើនឹងមានការចូលរួម ពីវាគ្មិនមានបទពិសោធន៍សិក្សា នៅប្រទេសជប៉ុន និងទទួលបានជោគជ័យក្នុងការសិក្សា និងអាជីពការងារ ក្រោយពេលត្រឡប់មកមាតុប្រទេសវិញ ដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួន ជាមួយសិក្ខាកាមដែលសិក្សាទើបប្រឡងជាប់បាក់ឌុប និងនិស្សិតមកពីសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។
បើតាមសេចក្ដីជូនដំណឹង វេទិកានេះត្រូវបានរៀបចំឡើង និងបើកទូលាយជាសាធារណៈឲ្យមានការចូលរួមដោយឥតគិតថ្លៃ ហើយសម្រាប់សិស្ស-និស្សិត និងសាធារណជន ដែលចាប់អារម្មណ៍សូមចុះឈ្មោះជាមុនឲ្យបានមុនថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧៕