(បាត់ដំបង)៖ យោងតាមគេហទំព័រផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឲ្យបានកាន់តែខ្ពស់ ចំពោះក្រដាសប្រាក់១,០០០បាតរបស់ថៃ។
ការអំពាវនាវទៅកាន់ពលរដ្ឋយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពី ថ្មីៗនេះមានលេចឮនូវព័ត៌មានមួយចំនួន ចេញពីក្នុងប្រទេសថៃ ស្តីពីការធ្វើចរាចរណ៍លើក្រដាសប្រាក់ ប្រភេទមួយពាន់បាត (១,០០០បាត) ដែលជាក្រដាសប្រាក់ក្លែងក្លាយ ដោយសារតែមានប្រជាពលរដ្ឋថៃខ្លះ បានជួបប្រទះនូវប្រាក់ទាំងនេះហើយ ដែលជនសង្គមងងឹតកំពុងនាំចូល មកកាន់ខេត្តមួយចំនួន ដែលជាប់នឹងខ្សែបន្ទាត់ព្រំដែនឡាវ។
យោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ បានលើកឡើងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិ១ ឃុំវ៉ាំងជំពូ ស្រុកមឿងភិតប៊ូន ខេត្តភិតប៊ូន ធ្លាប់មានប្រជាពលរដ្ឋថៃម្នាក់ឈ្មោះ យីង ឧត្តម រើសបានក្រដាសប្រាក់ប្រភេទ១០០បាតនេះដែរ គឺមានចំនួន២១សន្លឹក ស្មើនឹង២១,០០០បាត ប៉ុន្តែក្រោយពីបាននាំយក ទៅសាកសួរដល់អាជ្ញាធរភូមិ ទើបដឹងថាជាប្រភេទក្រដាសប្រាក់ក្លែងក្លាយ ក៏មានការភ្ញាក់ផ្អើលឡើង រហូតដល់ក្រសួងហិរញ្ញវត្ថុថៃ បានចេញសេចក្តីប្រកាស និងបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ របស់ខ្លួនឲ្យចេះសង្កេតអំពីលក្ខណៈពិសេស លើក្រដាសប្រាក់គ្រប់ប្រភេទ ជៀសវាងនូវការភ័ន្តច្រឡំ ប៉ះចំក្រដាសប្រាក់ក្លែងក្លាយ។
ក្រោយមកក៏ស្រាប់តែមានលេចចេញនូវព័ត៌មានថ្មីមួយទៀត ស្តីពីការបង្ក្រាបបានក្រដាសប្រាក់ប្រភេទ១,០០០បាត ដែលគេរកឃើញថា អាចចេញមកពីក្នុងប្រទេសឡាវ ហើយក៏កំពុងធ្វើចរាចរសាយភាយពាសពេញប្រទេសថៃផងដែរ ប៉ុន្តែគ្រាន់តែក្រដាសប្រាក់ប្រភេទនេះ ងាយស្រួលសម្រាប់ឲ្យប្រជាពលរដ្ឋ ឬបងប្អូនអាជីវករចំណាំ ដោយសារតែនៅលើក្រដាសប្រាក់មួយពាន់បាតទាំងអស់នេះ វាមានលេខដូចគ្នាគឺ «5J9952371» ។
ទន្ទឹមនឹងនេះដែរ គួរតែប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកដែលរស់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ព្រមទាំងក្រុមអាជីវករ ត្រូវបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងត្រូវពិនិត្យឲ្យបានច្បាស់លាស់ មុននឹងទទួលយកនូវប្រភេទក្រដាសប្រាក់ទាំងនេះ ដោយមិនខ្លាចស្តាយនូវពេលវេលានោះឡើយ៕