(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ រស់នៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ បានផ្ទុះការតវ៉ាប្រឆាំងនឹងលោក ម៉េង សុធារ៉ា (ហៅ បារាំង) អតីតសមាជិកក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ CNRP រឿងបំពានយកដីផ្លូវសាធារណៈ យកមកធ្វើជារបស់ខ្លួន។
បើតាមសំដីប្រជាពលរដ្ឋ ដែលរស់នៅទីនោះ បានបញ្ជាក់ថា លោក ម៉េង សុធារ៉ា (ហៅ បារាំង) បានព្យាយាមបំពានយកដីផ្លូវសាធារណៈ ដែលពលរដ្ឋធ្វើដំណើរ យកមកធ្វើជារបស់ខ្លួន និងធ្វើការរារាំងសកម្មភាពអភិវឌ្ឍនានានៅតំបន់នោះ។
ជាមួយគ្នានេះដែរ ពួកគាត់បានរាយការណ៍ ទៅលោកចៅសង្កាត់ថ្មី របស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនមានដំណោះស្រាយ មិនដឹងមកពីហេតុអ្វី?
ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ហេតុការណ៍ដែលនាំឲ្យមានការផ្ទុះការតវ៉ានេះ គឺបណ្ដាលមកពីលោក ម៉េង សុធារ៉ា រារាំងមិនក្រុមហ៊ុនធ្វើការចាក់ប៉េតុងលើផ្លូវសាធារណៈនេះ ដែលនៅទល់មុខផ្ទះរបស់ខ្លួន ដែលជាគម្រោងរបស់សាលាខណ្ឌ និងរារាំងរដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ មិនឲ្យគេជីក ដីដើម្បីតទុយយោទឹកស្អាត ស្របតាមបណ្ដោយផ្លូវសាធារណៈនៅទល់មុខផ្ទះរបស់ខ្លួន ដើម្បីនាំទឹកស្អាតចូលទៅផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋជាង២០០គ្រួសារ ក្នុងភូមិខ្ទរ(កើត) ដែលកំពុងដង្ហើយហៅរកទឹកស្អាត ប្រើប្រាស់អស់រយៈពេលជាង២០ឆ្នាំមកហើយ។
ក្រុមប្រជាពលរដ្ឋបានបន្ថែមទៀតថា ការធ្វើផ្លូវបេតុង និងតទឹកស្អាតចូលនេះ ជាសមិទ្ធផលការខំប្រឹងប្រែង របស់អាជ្ញាធរសង្កាត់អាណត្តិចាស់ ដឹកនាំដោយលោក ព្រាប មុនី អាជ្ញាធរខណ្ឌ និងក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ ដែលបានខិតខំស្វះស្វែងដោះស្រាយអស់ជាច្រើនឆ្នាំមក ប៉ុន្តែត្រូវបាន លោក ម៉េង សុធារ៉ា ប្រឆាំងនឹងការអភិវឌ្ឍន៍ទៅវិញ។
ពាក់ព័ន្ធករណីនេះ លោក ឃ្លាំង ហួត បានបញ្ជាក់ថា ដើម្បីផលប្រយោជន៍របស់ប្រជាជន ដាច់ខាតត្រូវតែធ្វើការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋ ឲ្យមានផ្លូវបេតុង និងបណ្តាញទឹកស្អាតប្រើប្រាស់ មិនត្រូវឲ្យផលប្រយោជន៍បុគ្គលម្នាក់ ប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋមួយសង្កាត់នោះឡើយ៕