(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម បានបន្តបើកប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចអតីតឡូត៌លេខ៩ ក្នុងឃុំពង្រ និងឃុំមហាលាភ ស្រុកកោះសូទិន ដោយដកហូតបានវត្ថុតាងយ៉ាងច្រើន ដើម្បីដុតបំផ្លាញចោល និងប្រលែងកូនត្រីចម្រុះជិត៦០គីឡូក្រាមផងដែរ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះ លោកបានបញ្ជាឲ្យ អធិការស្រុកកោះសូទិន សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកោះសូទិន និងកម្លាំងបញ្ជាការផ្នែកសឹករងស្រុកកោះសូទិន បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់មួយនេះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃការបង្ក្រាបនេះ កម្លាំងចម្រុះដកហូតបាន៖ ឧបករណ៍លូស្បៃមុងចំនួន៤៣មាត់, របាំងស្បៃមុង ប្រវែង២,៨៩៥ម៉ែត្រ, បង្គោលឬស្សី១,០៤២ដើម, ឧបករណ៍រ៉ាវ០១មាត់, របាំងប្រវែង៤៥ម៉ែត្រ, បង្គោលឬស្សីចំនួន១២ដើម ក្នុងនោះក៏បានប្រលែងកូនត្រីចម្រុះ៥៩គីឡូក្រាម។
ក្រោយប្រតិបត្តិការឧបករណ៍ និងវត្ថុតាងមួយចំនួន បានកាប់បំផ្លាញចោលនៅនឹងកន្លែង និងសល់មួយចំនួនទៀត យកមរក្សាទុកបណ្តោះអាសន្ននៅសាលាស្រុកកោះសូទិន៕