(សុរិន្ទ,កំពង់ធំ)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំខេត្តកម្ពុជាចំនួន៦ ដែលមានព្រំប្រទល់ជាមួយប្រទេសថៃ បានសហការជា មួយខេត្តរបស់ថៃចំនួន៤ បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មក្នុងគោលបំណងចរចាផ្គូរផ្គង់ ចាប់ដៃគូរវិនិយោគផ្នែកពាណិជ្ជកម្ម និងវិស័យទេសចរណ៍រួមគ្នា។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ថងថារីន ស្ថិតណៅទីរួមខេត្តសុរិន្ទ ប្រទេសថៃ។
កិច្ចប្រជុំវិស័យទស្សនកិច្ចផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ ត្រូវបានធ្វើឡើងក្នុងរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់លោក អាតថៈផន សិងវិឆ័យ អភិបាលខេត្តសុរិន្ទ, លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ, និងលោក ហួន ម៉ានិត អភិបាលរងខេត្តកំពង់ធំ រួមទាំងមន្ទីរពាក់ព័ន្ធ និងវិស័យពាណិជ្ជកម្ម រួមទាំងអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធចំនួន៥ខេត្តទៀតចូលរួមក្នុង នោះមាន៖ ខេត្តឧត្តមមានជ័យ, ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តរតនគីរី, ខេត្តសៀមរាប រួមជាមួយនឹងខេត្តថៃចំនួន៤ មាន៖ ខេត្តសុរិន្ទ, នគររាជស៊ីម៉ា, ខេត្តបុរីរម្យ, ខេត្តជ័យភូមិ, សរុបមានជាង២០០នាក់។
គោលបំណងនៃកិច្ចប្រជុំ គឺផ្តោតលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ និងគាំទ្រជំរុញឲ្យមានការវិនិយោគ និងចាប់ដៃគូរធុរកិច្ចដែលបានបញ្ជាក់ នូវសក្តានុពលរបស់ខេត្តនីមួយៗ ដូចជាកសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរណ៍ រួមទាំងបានកិច្ចសហការសុវត្តិភាពចំពោះបញ្ហាពលករ ចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរ ដែលមកធ្វើការនៅប្រទេសថៃ។
លោក គង់ វិមាន បានថ្លែងថា ខេត្តកំពង់ធំ ជាខេត្តនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា មានសក្តានុពលសម្រាប់ការ វិនិយោគលើផ្ទៃដីដូចជាការសាងសង់ រោងចក្រ និងការងារកសាងជាច្រើនបានដ៏ល្អប្រសើរ ចំណែកដំណាំកសិកម្ម ឧស្សាហកម្ម មានដំឡូងមី, ស្វាយចន្ទីរ, សណ្តែកសៀង, ដំណាំកៅស៊ូ, ស្វាកែវល្មៀត, រីឯកវិស័យទេសចរណ៍ ដែលត្រូវបានពិភពលោកមានការភ្ញាក់ផ្អើលនិងស្គាល់ច្បាប់ ប្រាសាទសំបូរព្រៃគុគ ត្រូវបានបញ្ជូលជាសម្បត្តិ បេតិកភណ្ទពិភពលោក និងមានរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត, ដូចជារមណីយដ្ឋានភ្នំសន្ទុក, រមណីយដ្ឋានគុហនគរ, និងរមណីយដ្ឋានកែច្នៃ ទំនប់១មករា, ស្ទឹងជិនិត, បឹងសំរិទ្ធ, ជាច្រើនទៀត។
ក្នុងឱកាសនៃកិច្ចពិភាគក្សាចាប់ដៃគូរធុរៈកិច្ចនេះ លោក គង់ វិមាន បានសំណូមពរ ឲ្យអាជ្ញាធរខេត្តសុរិន្ទ មេត្តាជួយយោគយល់ដល់ពលករចំណាក់ ស្រុករបស់ខ្មែរ ដែលបានមកធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ដែលមានការចាញ់បោកមេខ្យល់ នាំមកធ្វើការដោយខុសច្បាប់ និងសុំឲ្យអាជ្ញាធរខេត្តសុរិន្ទ ជួយផ្សព្វផ្សាយស្តីពីច្បាប់ពលករ និងម្ចាស់អាជីវកម្មដែលជាជនជាតិថៃ ដែលបានលួចលាក់ពលករធ្វើការដោយខុសច្បាប់ ពីទោសកំហុសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរកំពុងតែរឹតបន្តឹងរឿងពលករចំណាកស្រុកដោយខុសច្បាប់៕