(ភ្នំពេញ)៖ លោក ស៊ុហ្គាណុ យូអ៊ីជី ប្រធានJICA ប្រចាំនៅកម្ពុជា បានលើកឡើងថា JICA នឹងជួយគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន បច្ចេកទេសនៃកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពនៃការអប់រំ និងការស្រាវជ្រាវការអនុវត្តផ្អែកលើការពិសោធន៍។ ទន្ទឹមនឹងនេះទំនាក់ទំនង រវាងវិទ្យាស្ថានបច្ចេកទេសនៃកម្ពុជា សកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យស្វាយរៀង និងសកលវិទ្យាល័យបាត់ដំបង នឹងត្រូវបានធ្វើ ឱ្យប្រសើរឡើង។
លោក ស៊ុហ្គាណុ យូអ៊ីជី ថ្លែងបែបនេះ ក្នុងពិធីចុះកិច្ចព្រមព្រៀងគម្រោងពង្រឹងការអប់រំវិស្វកម្ម និងការស្រាវជ្រាវសម្រាប់ការ អភិវឌ្ឍន៍ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ពិធីចុះកិច្ចព្រមព្រៀង គម្រោងពង្រឹងការអប់រំវិស្វកម្ម និងការស្រាវជ្រាវសម្រាប់ការ អភិវឌ្ឍន៍ឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា បានប្រព្រឹត្តឡើងនៅវិទ្យាស្ថានបច្ចេកទេសនៃកម្ពុជា ដោយមានការចូលរួមពីលោក យក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាលោកបណ្ឌិត អ៊ុម រម្យណី។
ទន្ទឹមនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងរយៈពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិដែលជំរុញដល់ការ អភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្សដែលជាគោលនយោបាយដ៏សំខាន់សម្រាប់បន្តការរីកចម្រើនសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា។ ដោយមានការផ្តួចផ្តើមពីលោករដ្ឋមន្រ្តី ក្រសួងអប់រំបានកំពុងខិតខំប្រឹងប្រែងក្នុងការកែទម្រង់វិស័យអប់រំ។
ការអភិវឌ្ឍធនធានមនុស្សជាពិសេសកម្មវិធី STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម និងគណិតសាស្រ្ត) គឺជាផ្នែកមួយដ៏សំខាន់ក្នុងកម្មវិធីកំណែ ទម្រង់អនុវិស័យថ្នាក់ឧត្តមសិក្សា៕