(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំ ខ្លួនបុរសឈ្មោះ លី គឹមលៀង ដាក់ពន្ធនាគារ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី ចោទប្រកាន់បុរសនេះ ពីបទកែឆ្នៃអាអាវុធដោយខុសច្បាប់ តាមមាត្រា២០ ស្តីពីច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ។
សូមជម្រាបថា បុរសម្នាក់នេះ ត្រូវបានឃាត់ខ្លួននៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវរថភើ្លង ក្រុមទី១ ក្នុងភូមិបាក់ទូក សង្កាត់ទួលសងែ្កខណ្ឌឫស្សីកែវ ដោយឆែកឃើញកាំភ្លើងច្នៃដូចប៊ិចមួយដើមដាក់តាមខ្លួន។ ជនសង្ស័យដែលត្រូវកម្លាំងនគរបាលឃាត់ខ្លួនមានឈ្មោះ លី គឹមលៀង អាយុ៣២ឆ្នាំ មុខរបរជាងអគ្គិសនី មានទីលំនៅផ្ទះលេខ១៨១ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដួនពេញ រាជធានីភ្នំពេញ ។
តាមមន្ត្រីនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូពី ពណ៌ទឹកសមុទ្រលាយស មួយគ្រឿងពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ 1AB-6712 ធ្វើដំណើរចេញពីផ្ទះសំដៅទៅកន្លែងឃាត់ខ្លួន។
ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ មានការសង្ស័យក៏ហៅឲ្យឈប់ដើម្បី ត្រួតពិនិត្យ ស្រាប់តែរកឃើញអាវុធកែច្នៃចំនួន១ដើម ដូចប៊ិចនៅក្នុងអាវដោយមានគ្រាប់ចំនួន១គ្រាប់ផង។ បន្ទាប់មកកម្លាំងនគរបាលក៏បាននាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋ បាលទួលសង្កែដើម្បីសាកសួរបន្តក្រែងមានបក្ខពួក ឬពាក់ព័ន្ធបទល្មើសអ្វីផ្សេងទៀត៕