(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JICA) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រកាសជាថ្មីម្ដងទៀតថា ការឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារចាស់) នឹងត្រូវបិទ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីធ្វើការជួសជុលស្តារទ្បើងវិញ។
សេចក្ដីជូនដំណឹងរបស់ JICA បានបញ្ជាក់ថា ចរាចរណ៍ទ្វេទិសឆ្លងកាត់ទន្លេ នឹងប្រព្រឹត្តទៅតែនៅលើស្ពានមិត្តភាពកម្ពុជា-ចិន តែមួយប៉ុណ្ណោះ។ ចរាចរណ៍អាចនឹងមានការកកស្ទះខ្លាំងនៅបរិវេណជុំវិញការដ្ឋានសាងសង់ ជាពិសេសនៅត្រង់ចំណុចរង្វង់មូលស្ពានទាំងសងខាង (រង្វង់មូលកួចកាណុង និងរង្វង់មូលព្រហ្មមុខបួន)។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយ ទីប្រឹក្សាបច្ចេកទេសជប៉ុន នឹងបន្តកិច្ចខិតខំប្រឹងប្រែង ជាអតិបរមាដើម្បីគ្រប់គ្រងស្ថានភាពចរាចរណ៍ ក្នុងកំទ្បុងពេលនៃការជួសជុលស្ពាន ដើម្បីកាត់បន្ថយកម្រិតអប្បបរមា នូវរាល់ផលប៉ះពាល់ទាំងទ្បាយណា ដែលបង្កការរំខានដល់ការធ្វើចរាចររបស់អ្នកដំណើរ និងយានយន្តដែលធ្វើដំណើរ ឆ្លងកាត់តំបន់នេះ ក៏ដូចជាការបញ្ជៀសការកកស្ទះ ដោយការដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ ការកែតម្រូវចំណុចរង្វង់មូលស្ពានទាំងសងខាង ការរៀបចំគំនូសប្លង់បង្ហាញទិសដៅប្រព័ន្ធចរាចរណ៍ ការផ្តល់នូវដំណោះស្រាយ សម្រាប់ការពង្វាងចរាចរណ៍ និងការចែករំលែកព័ត៌មានទាក់ទងនឹងផ្លូវវាងផ្សេងទៀតជាដើម។ល។
សូមជម្រាបផងដែរថា ការស្តារទ្បើងវិញ ស្ពានជ្រោយចង្វារចាស់នេះ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថាស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាព សម្រាប់ការដឹកជញ្ជូន សាធារណៈឆ្លងកាត់ទន្លេ។
គម្រោងជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥត សំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣,៣៤៣ (បីពាន់បីរយសែសិបបី) លានយ៉េន ប្រមាណជា ៣៣ (សាមសិបបី) លានដុល្លារអាមេរិក។ ការជួសជុលស្តារទ្បើងវិញនៃស្ពាននេះ នឹងប្រើរយៈពេលប្រមាណជា (២១ខែ) រហូតដល់ ខែមិថុនា ឆ្នាំ២០១៩៕