(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០១៧ គិតចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញជ័យកៅស៊ូស្ងួតបានជិត១០ម៉ឺនតោន កើនឡើង៣៤ភាគរយ ដោយទទួលបានទឹកប្រាក់ ជាង១៦៦លានដុល្លារ កើនឡើង៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។ នេះបើយោងតាមរបាយការណ៍ ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងទៀតថា ៨ខែ ឆ្នាំ២០១៧ កម្ពុជាបាននាំចេញកៅស៊ូចំនួន៩៩,០៥៧តោន ដោយទទួលបានទឹកប្រាក់ចំនួន១៦៦,៧១៩,៧៦០លានដុល្លារ ដែលតម្លៃជ័រកៅស៊ូជាមធ្យម ថ្លៃ១៦៨៣ដុល្លារក្នុងតោន។
លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៦ ខែកញ្ញានេះថា ស្ថានភាពកៅស៊ូនៅរយៈពេល៨ខែ ឆ្នាំ២០១៧ មានដំណើរការល្អមួយ បើទោះតម្លៃជ័រកៅស្ថិតក្នុងកម្រិតជាមធ្យមរង្វង់១៧០០ដុល្លារ ដែលជាតម្លៃមិនល្អណាស់ណាក៏ដោយ ប៉ុន្តែតម្លៃនេះអាចឲ្យអ្នកដាំកៅស៊ូ អាចទ្រទ្រង់ការចំណាយ និងចំណេញបានខ្លះ។
អគ្គនាយករូបនេះ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្ត ឲ្យមានការដាំដុះកៅស៊ូ ឲ្យបានច្រើនតបតាមគោលនយោបាយកៅស៊ូ។
សូមជម្រាបថា កៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី។ នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៤ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង១៨០លានដុល្លារ។ គិតត្រឹមចុងឆ្នាំ២០១៦ កម្ពុជាមានផ្ទៃដីកៅស៊ូចំនួន ៤៣១,៣៣២ហិកតា៕