(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿង៣នាក់ ក្នុងរយៈពេល២ថ្ងៃ ដកហូតបានថ្នាំញៀន១៨កញ្ចប់។
ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រតិបត្តិការនេះគឺនៅថ្ងៃទី២៤ ខែកញ្ញា កម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចែកចាយនូវសារធាតុញៀន ស្ថិតនៅក្រុម០៤ ភូមិ០៤ សង្កាត់លេខ០៤ ដោយជនសង្ស័យឈ្មោះ នៅ វុត្ថា អាយុ៣០ឆ្នាំ និងថ្នាំញៀនមេតំហ្វេតាមីន៤កញ្ចប់។
ដោយឡែកនៅថ្ងៃទី២៥ ខែកញ្ញាម្សិលមិញនេះ កម្លាំងជំនាញបានចុះបង្រ្កាប ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចែកចាយនូវសារធាតុញៀន ស្ថិតនៅក្រុម១៤ ភូមិ០១ សង្កាត់លេខ០១ ដោយជនសង្ស័យឈ្មោះ ភក្កី ចាងឆាយវីន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងថ្នាំញៀនមេតំហ្វេតាមីន០៩កញ្ចប់, ទូរស័ព្ទ០១គ្រឿង។ បន្ទាប់ពីនោះកម្លាំងជំនាញបន្ដឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចែកចាយនូវសារធាតុញៀន ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ជនសង្ស័យឈ្មោះ ឡេង សាន់និត អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្របិតត្រាង និងថ្នាំញៀនមេតំហ្វេតាមីន០៥កញ្ចប់ ទូរស័ព្ទ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ដ៕