(សៀមរាប)៖ ក្រោយប្រតិបត្តិការរយៈពេល៣២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រុមការងារចម្រុះ ដើម្បីរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋាន សម្រេចបានចំនួន៣៧៩ករណី ដែលស្មើនឹង៦៣% នៃសំណង់ខុសច្បាប់ដែលត្រូវរុះរើទាំងអស់។
យោងតាមរបាយការណ៍ របស់ក្រុមការងារចម្រុះ ចេញនៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជាក់ថា ក្រុងសៀមរាប មានសំណង់ខុសច្បាប់ដែលត្រូវរុះរើច្រើនជាងគេ គឺមានដល់ទៅ៤២៨ករណី ហើយទើបតែរុះរើបានចំនួន២១៤ករណីប៉ុណ្ណោះ។ ដោយឡែកនៅស្រុកប្រាសាទបាគង មានចំនួន៥៧ករណី រុះរើបានរួចរាល់៥៦ករណី, ស្រុកអង្គរធំ មានចំនួន៤២ករណី រុះរើសម្រេចបាន៣៤ករណី, ស្រុកបន្ទាយស្រី មានចំនួន៧៤ករណី រុះរើសម្រេចបាន៧១ករណី, និងស្រុកពួក មានចំនួន៤ករណី រុះរើបានសម្រេចទាំង៤ករណី។ សរុបសំណង់ខុសច្បាប់ នៅសេសសល់ ដែលក្រុមការងារចម្រុះកំពុងតែបន្តរុះរើមានចំនួន២២៦ករណី។
តាមការបញ្ជាក់ពីគណៈកម្មការចម្រុះ ប្រតិបត្តិការរុះរើនេះបានដំណើរការ ដោយរលូនដោយគ្មានអំពើហិង្សា ឬការប្រទូស្តរាយណាមួយកើតឡើងឡើយ។ ជាពិសេសប្រជាពលរដ្ឋជាម្ចាស់ សំណង់ភាគច្រើនបំផុត បានសហការជាមួយក្រុមការងារ ដោយបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។
តាមរបាយការណ៍ដដែលនេះបញ្ជាក់ថា ក្នុងចំនួន៣៧៩ករណី ដែលក្រុមការងារសម្រេចបានប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើ មានចំនួនដល់ទៅ៣៦៨ ករណីមានតែចំនួន១១ករណីប៉ុណ្ណោះ ដែលម្ចាស់សំណង់រឹងរូសមិនព្រមសហការ ហើយក្រុមការងារសម្រេចរុះរើដោយខ្លួនឯង៕