(ភ្នំពេញ)៖ តាមរយៈបណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ផ្កាយ៣ ហែម ថេង បានស្នើឲ្យសមត្ថកិច្ច ពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការអត់ឱនឡើយ ចំពោះកូនប្រុសរបស់ខ្លួនឈ្មោះ ហែម ចរិយា ពាក់ព័ន្ធរឿងស៊ីដាច់លុយជាង១៤ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌនគរបាលជាតិ។

លោកឧត្តមសេនីយ៍ ហែម ថេង ​បន្ថែមថា ជុំវិញករណីកូនប្រុសរបស់លោករូបនេះ គឺមិនជាប់ព័ន្ធគ្នាជាមួយលោកនោះឡើយ ហេតុដូច្នេះកុំព្យាយាមទាញកូនរបស់លោក ឲ្យមកជាប់ពាក់ព័ន្ធជាមួយរូបលោកអី។

ការចេញមកស្នើឲ្យសមត្ថកិច្ចចាត់វិធានការកូនប្រុសរបស់ខ្លួនរូបនេះ ត្រូវបានលោក ហែម ថេង អះអាងថា ធ្វើឡើងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមិនអនុគ្រោះឡើយ បើទោះបីជនប្រព្រឹត្តនោះត្រូវជាសាច់របស់ថ្នាក់ដឹកនាំណាក៏ដោយ។

សូមជម្រាបថា កូនប្រុសលោកឧត្តមសេនីយ៍ផ្កាយ៣ ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលមានឈ្មោះ ហែម ចរិយា តួនាទីជាជំនួយការផ្ទាល់ឪពុករបស់ខ្លួន និងជាអនុប្រធាននាយកដ្ឋានផងនោះ ត្រូវបានតុលាការខេត្តកំពង់ចាម ចេញដីកាបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួន​ពាក់ព័ន្ធបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៣១នាក់ រួមទាំងព្រះសង្ឃផងដែរ ចោទប្រកាន់​ស៊ីដាច់លុយរហូតជាង១៤ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួន​របស់ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ហែម ចរិយា មានអត្តលេខ៦៦៥០៧ ជាជំនួយការលោកឧត្តមសេនីយ៍ឯក ហែម ថេង មានទីលំនៅបច្ចុប្បន្ននៅរាជធានីភ្នំពេញ ជាប់សង្ស័យបានប្រព្រឹត្តអំពើឆបោកប្រាក់ ចំនួន១៤​០,២៦៧ដុល្លារ កាលពីអំឡុងខែមករា ឆ្នាំ២០១៧ ឲ្យចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

ពាក់ព័ន្ធទៅនឹងសំណុំរឿងមួយនេះ ព្រះសង្ឃមួយអង្គព្រះនាម សេង សារី គង់នៅវត្តនគរបាជ័យ ភូមិអំពើលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏ត្រូវបានសមត្ថកិច្ចឃាត់ព្រះកាយ រហូតតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ដោយសារតែព្រះសង្ឃជាអ្នកដើរប្រមូលពលរដ្ឋរងគ្រោះទាំងនោះ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ដោយម្នាក់បានចំណាយទឹកប្រាក់ ចាប់ពី១,០០០ដុល្លារ រហូតទៅដល់ខ្ទង់ម៉ឺនដុល្លារក៏មាន។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះថា ក្រោយទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋថា ព្រះតេជ​គុណ សេង សារី និងលោក ហែម ចរិយា បានបោកប្រាស់ប្រជាពលរដ្ឋចំនួន៣១នាក់នោះ ឲ្យចូលបម្រើការក្នុងក្របខ័ណ្ឌនគរបាលជាតិនោះ កម្លាំងជំនាញរបស់លោកក៏បានឃាត់ខ្លួនព្រះសង្ឃ យកមកនាំសួរផងដែរ។

លោកស្នងការបញ្ជាក់ថា «តុលាការចេញដីកាបញ្ជាឲ្យតាមចាប់ខ្លួន ហែម ចរិយា ដីកាយើងមាននៅក្នុងដៃហើយ ដែលស្ថិតក្រោមការបញ្ជាណែនាំពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលកំពុងតែបន្ដចាត់ការ»។

ដោយឡែក មន្ដ្រីនគរបាលជាន់ខ្ពស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ហែម ចរិយា ពិតជាមន្ដ្រីនគរបាលនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ពិតមែន ប៉ុន្ដែរហូតមកដល់ពេលនេះ បានរត់គេចខ្លួនបាត់ហើយ។ ជាមួយគ្នានេះ ​ករណីខាងលើ មិនបានពាក់ព័ន្ធជាមួយអង្គភាពនោះឡើយ គឺជារឿងបុគ្គលសុទ្ធសាទ ហើយសម្រាប់ឆ្នាំ២០១៦-២០១៧នេះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍មិនមានគោលការណ៍ រើសមន្ដ្រីនគរបាលថ្មីចូលបន្ថែមទៀតឡើយ។

មន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ បានបន្ដទៀតថា ក្រោយរឿងករណីនេះកើតឡើង អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានសហការជាមួយស្ថាប័នតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការ តាមនីតិវិធីច្បាប់ ពុំមានការលើកលែង និងអត់ឱនឲ្យនោះឡើយ។

សម្រាប់ព្រះតេជគុណ ព្រះនាម សេង សារី វិញ ក៏បានផ្ញើសារចូលទំព័រ Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានខ្លឹមសារថា «លោក ហែម ចរិយា ​ដែលជាមន្ដ្រីនគរបាលជាតិផ្នែកអន្ដោប្រវេសន៍​ ដែរជាកូនរបស់ឯកឧត្តម ហែម ថេង មកបោកប្រាស់អាសត្មាភាពឲ្យរកមនុស្សចូលក្របខ័ណ្ឌនគរបាលជាតិ ដោយយកតួនាទីខ្លួន និងតួនាទីរបស់ឪពុកមកអះអាង ទឹកប្រាក់ដែរលោក ហែម ចរិយា បោកយកទៅចំនួន១៤០,០០០ដុល្លារ ក្នុងនោះមានទាំងព្រះសង្ឃ កូនសិស្សទាំងអស់៣១អង្គ/នាក់។ មនុស្សដែរអាត្មារកឲ្យលោក ហែម ចរិយា ឥលូវនេះគេប្ដឹងអាត្មាភាព អាត្មាភាពមិនដឹងធ្វើយ៉ាងណាម៉េចទេ»។

ពាក់ព័ន្ធនឹងករណីនេះ ដោយសារព្រះតេជគុណ សេង សារី ជាអ្នកជួយរកមនុស្ស និងយកលុយពីពលរដ្ឋទៅឲ្យឈ្មោះ ហែម ចរិយា ដើម្បីរត់ការនោះ ក៏ត្រូវបានប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងផងដែរ៕​