(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ហុង លៀង អនុសាខាទទួលបន្ទុកប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានចុះអប់រំ និងណែនាំ សិប្បកម្មផលិតបាយក្តាំង និងនំពោតបំពងចំនួន២កន្លែង នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ការចុះអប់រំ និងណែនាំ របស់មន្ដ្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ខាងលើនេះ ក៏មានការចូលរួមសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មន្ទីរឧស្សាហកម្ម មន្ទីរបរិស្ថានខេត្ត និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សិប្បកម្មផលិតបាយក្តាំង និងនំពោតបំពង ទាំង២កន្លែងនេះ រួមមាន៖ ទី១. សិប្បកម្មដែលមានយីហោ «ចែម៉ៅ» ម្ចាស់ឈ្មោះ ប្រាក់ សីនាង ភេទស្រី អាយុ៣៥ឆ្នាំ ទីតាំងនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ និងទី២. សិប្បកម្មដែលមានយីហោ «ចែនួន» ម្ចាស់ឈ្មោះ សឿង ស្រីនួន អាយុ៤០ឆ្នាំ ស្ថិតនៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ខ ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ កម្លាំងជំនាញ ក៏បានចុះធ្វើការណែនាំ ទៅដល់ការរៀបចំអនាម័យឲ្យបានស្អាត ក្នុងការផលិតការវេចខ្ចប់ឲ្យបានស្អាត និងបានឲ្យរៀបចំដាក់ថ្ងៃផលិត និងការហួសថ្ងៃបរិច្ឆេទសំដៅធ្វើយ៉ាងណា ឲ្យមានការទទួលខុសត្រូវខ្ពស់ធានាឲ្យបាននូវសុខមាលភាព ដល់ប្រជាពលរដ្ឋមុននិងដាក់ចែកចាយឲ្យលក់នៅតាមទីផ្សារ ក៏ដូចជាតាមសាលារៀន៕