(ចិន)៖ យោងតាមរបាយការណ៍ សិក្សាស្រាវជ្រាវចុងក្រោយបំផុត ពីក្រុមហ៊ុន «Counterpoint’s Market Pulse» កាលពីខែកក្កដា ២០១៧ បានបង្ហាញថា ក្រុមហ៊ុន Huawei បានវ៉ាដាច់ក្រុមហ៊ុន Apple ក្នុងការលក់ ទូរសព្ទទំនើបនៅទូទាំងពិភពលោកជាប់គ្នា សម្រាប់ខែមិថុនា និងខែកក្កដា ដោយគ្រងយកតំណែង ក្រុមហ៊ុនស្មាតហ្វូនធំជាងគេបំផុត លំដាប់ថ្នាក់ពិភពលោកលេខ២ ជំនួសក្រុមហ៊ុន «Apple»។ សម្រាប់ខែសីហា ការលក់ចេញរបស់ ក្រុមហ៊ុន Huawei នៅតែមានសន្ទុះឈានមុខគេ គួរឲ្យកត់សម្គាល់។
លោក Peter Richardson អ្នកស្រាវជ្រាវនៃ Counterpoint បានឲ្យដឹងថា «នេះគឺជាលើកដំបូង សម្រាប់ក្រុមហ៊ុន ស្មាតហ្វូនចិនដ៏ធំបំផុត Huawei មានវត្តមាន នៅទូទាំងពិភពលោកលំដាប់ថ្នាក់លេខ២ ជំនួស Apple។ ជាពិសេសគឺឆ្លុះបញ្ចាំងពីការ រីកចម្រើនយ៉ាងខ្លាំង របស់ក្រុមហ៊ុន Huawei នៅក្នុងរយៈពេល៣ទៅ៤ឆ្នាំ ចុងក្រោយនេះ។ វិសាលភាពទូទាំងពិភពលោក របស់ក្រុមហ៊ុន Huawei ដែលអាចសម្រេច ដោយសារ ការវិនិយោគ របស់ខ្លួន នៅក្នុងការស្រាវជ្រាវនិងការផលិត ផលិតផលមានគុណភាពខ្ពស់ តម្លៃសមរម្យ រួមគ្នាជាមួយ ការពង្រីកទីផ្សារ និងពង្រីកការលក់»។
កត្តាដែលត្រូវធ្វើឲ្យ Apple ធ្លាក់តំណែង គឺដោយសារ មហាជនកំពុងរងចាំស្មាតហ្វូនស៊េរីថ្មី iPhone 8 ដែលនឹងគ្រោងចេញលក់ជាផ្លូវការ ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ iPhone 8 ដែលមហាជនកំពុងរងចាំ គឺអាច នឹងប្រឈមមុខ ជាមួយនឹង ស្មាតហ្វូនស៊េរីថ្មី របស់ Huawei គឺ Huawei Mate 10 បំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Kiri 970 ទ្រទ្រង់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) និងមានលក្ខណៈ សម្បត្តិកំពូល។
គូរបញ្ជាក់ថា បាយការណ៍បណ្តោះអាសន្ន iPhone ប្រចាំឆ្នាំ ត្រូវបានចាត់ទុកថា ធ្លាក់កូដ ខណៈដែលស្មាតហ្វូនរបស់ Huawei កំពុងរីកចម្រើន។ ទោះបីជា ជួបឧបសគ្គ នៅក្នុងទីផ្សារអាស៊ីខាងត្បូង ឥណ្ឌា និងអាមេរិកខាងជើង ដែលបានរារាំងសក្តានុពលរបស់ក្រុមហ៊ុន Huawei ក្នុងរយៈពេលជិតពាក់កណ្តាលអាយុ ដើម្បីយកតំណែងទី២ ដែលស្ថិតនៅក្រោមក្រុមហ៊ុន Samsung យ៉ាងណាក៏ដោយ ក៏ទីបំផុតក្រុមហ៊ុន Huawei អាចធ្វើវាបានជោគជ័យ ដោយពឹងផ្អែកខ្លាំងលើ ទីផ្សារក្នុងស្រុករបស់ខ្លួន (ប្រទេសចិន), ទីផ្សារ អឺរ៉ុប អាមេរិចឡាទីន និងមជ្ឈឹមបូព៌ា៕