(ភ្នំពេញ)៖ លោក S.C. Jamir អភិបាលរដ្ឋ​ Odisha នៃសាធារណរដ្ឋឥណ្ឌា បានកោតសរសើរយ៉ាងខ្លាំងដល់ការរីកចម្រើន ការអភិវឌ្ឍ សន្តិភាពស្ថេរភាព និងសណ្តាប់ធ្នាប់គ្រប់បែបយ៉ាងសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋទទួល បានសិទ្ធិសេរីភាព និងអនាគតភ្លឺស្វាងល្អ។

លោក S.C. Jamir ថ្លែងបែបនេះ ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូជួប សម្តែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង នៅព្រឹកថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅទីស្តីការគណរដ្ឋមន្ត្រី។

លោក S.C. Jamir បានបន្តថា «ទៅថ្ងៃអនាគតកម្ពុជា នឹងមានការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត ប្រសិនបើកម្ពុជា ទទួលបាសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ»

លោក អ៊ុ សុខកាន ទីប្រឹក្សារបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថាដោយសារតែកម្ពុជា មានសន្តិភាពដូចសព្វថ្ងៃនេះ ទើបរដ្ឋាភិបាលឥណ្ឌា បានបង្កើនកិច្ចសហប្រតិបត្តិការជាច្រើនជាមួយ រដ្ឋាភិបាលកម្ពុជា។ តួយ៉ាងពេលនេះរដ្ឋាភិបាលឥណ្ឌា បានកសាងមជ្ឈមណ្ឌលអប់រំភាសាអង់គ្លេសនៅកម្ពុជា សហប្រតិបត្តិការសកលវិទ្យាល័យ និងសកលវិទ្យាល័យ រវាងប្រទេសទាំងពីរ បានជួសជុលប្រាសាទតាព្រហ្ម ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌា កាលពីឆ្នាំ២០១៦ មានចំនួន១២៤រូប, នៅឆ្នាំ២០១៧នេះ ចាប់ពីខែមករា ដល់ខែកញ្ញា រដ្ឋាភិបាលឥណ្ឌា បានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ចំនួន១១០នាក់។

លោក S.C. Jamir បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខនេះ រដ្ឋាភិបាលឥណ្ឌា នឹងអញ្ជើញនាយទាហានខ្មែរចំនួន១៤នាក់ ដើម្បីចូលរួមក្បួនព្យូហយាត្រា ក្នុងឱកាសបុណ្យជាតិរបស់ខ្លួន។

លោកអភិបាលរដ្ឋបានបន្ថែមទៀតថា រវាងកម្ពុជា និងឥណ្ឌាបានសហការគ្នាចំនួន៣ ផ្នែក គឺខាងទ្វេភាគី ក្នុងក្របខណ្ឌអាស៊ាន និងមេគង្គកាន់សាល់៕