(ភ្នំពេញ)៖ លោក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដែលចំណុះក្រោមក្រសួងមហាផ្ទៃនោះ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះថា ប្រជាពលរដ្ឋខ្មែរប្រមាណជាង ៩,៦៤០,០០០នាក់ហើយ បានទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ដៃហើយ ហើយការទទួលធ្វើ និងផ្ដល់អត្តសញ្ញាណបណ្ណនេះ នៅតែបន្តដំណើរការជារៀងរាល់ថ្ងៃ នៅតាមប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ។

លោក ឃៀង សុគន្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី គប្បីរួសរាន់ទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឲ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ព្រមទាំងប្រើប្រាស់ក្នុងការងារផ្សេងទៀតផងដែរ។ ក្រោយពីចុះឈ្មោះធ្វើជាមួយមន្រ្តីសមត្ថកិច្ចហើយ ប្រជាពលរដ្ឋនឹងទទួលបានអត្តសញ្ញាណបណ្ណដល់ដៃ យ៉ាងយូរ៣០ថ្ងៃ។

លោកបានបញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណជាង ៩,៦៤០,០០០នាក់ហើយ ដែលបានទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ដៃ នៅទូទៅប្រទេស។

ប្រធាននាយកដ្ឋានរូបនេះបានបន្តថា ការធ្វើ និងផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋខ្មែរ គ្មានការបង់ថ្លៃសេវានោះឡើយ ហើយបើប្រជាពលរដ្ឋមានចម្ងល់ ឬបញ្ហាណាមួយពាក់ព័ន្ធនឹងអត្តសញ្ញាណបណ្ណនេះ សូមទំនាក់ទំនងសាកសួរព័ត៌មានជាមួយមន្រ្តីនគរបាលមានសមត្ថកិច្ច តាមរយៈលេខទូរសព្ទដូចខាងក្រោម៖