(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល២៥ថ្ងៃដំបូង នៃដំណើរការធ្វើ បច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជាង២១ម៉ឺននាក់ហើយ ខណៈអ្នក ដែលត្រូវលុបឈ្មោះចេញមានចំនួន ១,២៩៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅ ថ្ងៃទី២៦ ខែកញ្ញានេះ។

គ.ជ.ប បានឲ្យដឹងថា រយៈពេល២៥ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី២៥ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ២១២,៩៧១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង ១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕