(ភ្នំពេញ)៖ ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ជា​អសាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ នេះ​ លោក​ ឃុន​ លាង​ម៉េង​ អនុ​ប្រធាន​សាលាឧទ្ធរណ៍​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​ សម្រេច​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពន្ធនាគារ​ដដែល​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង​ និង​ជា​អ្នក​ពាក្យ​សាលាឧទ្ធរណ៍​ ថ្លែង​ប្រាប់​ភ្នាក់ងារ​បណ្តាញ​ព័ត៌មាន​ Fresh News មុន​នេះ​បន្តិច​។

សូមជំរាបថា ខណៈ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ចាប់ផ្ដើម​សវនាការ​នៅ​ឯ​បរិវេណ​ខាង​ក្រៅ​វិញ​ ក្រុម​អ្នក​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ផ្ដុំ​ ខណៈ​កងកម្លាំង​សាធារណៈ​ក៏​ប្រមូល​ផ្ដុំ​គ្នា​ផងដែរ​ ក្នុង​គោលដៅ​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​។

នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ នាយឧត្តមសេនីយ៍ ខៀវ សុគ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ Fresh News យ៉ាងច្បាស់ សមត្ថកិច្ចនិងអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមចំណុះក្រសួងមហាផ្ទៃ បានសម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកកាន់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះលើសំណុំរឿងស្នើសុំនៅក្រៅឃុំ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះឡើយ ដោយសារតែមានព្រួយបារម្ភពីសុវត្ថិភាព​ជនជាប់ចោទ ខណៈដែលសវនាការនឹងនៅតែបន្តធ្វើឡើងជាធម្មតា នៅថ្ងៃស្អែក។

លោក ខៀវ សុភ័គ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារ បានទទួលលិខិតពីសាលាឧទ្ធរណ៍រួចហើយដោយបញ្ជាក់ថា វត្តមាន ឬអវត្តមាន លោក កឹម សុខា នៅក្នុងសវនាការមុនអង្គសេចក្តី ពោលគឺសវនាការជនុំជម្រះករណីស្នើសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃនេះ មិនសំខាន់នោះទេ ហើយក៏មិនខុសនីតិវិធីដែរ ដោយសារតែមិនមែនជាសំណុំរឿងអង្គសេចក្តី (សំណុំរឿងក្បត់ជាតិ) ដូច្នេះក្រសួងមហាផ្ទៃ សម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញទេ ដោយសារតែគិតអំពីបញ្ហាសុវត្ថិភាព។

សូមជំរាបថា កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស​ «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ ​ទៅ​៣០ឆ្នាំ​។​ សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​ «សន្និដ្ឋិភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​​៕