(ភ្នំពេញ)៖ របាយការណ៍ថ្មីមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញានេះ បានអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅបន្តកើនឡើងខ្លាំងនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨  ដោយធនាគារមួយនេះ រំពឹងថានឹងកំណើន៧.១ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងអត្រាខ្ពស់ជាងឆ្នាំមុនបន្តិច ពោលគឺ៧.១% សម្រាប់ឆ្នាំ២០១៧ និង២០១៨ ស្របតាមកំណើនដ៏ខ្លាំងក្លា ដែលសម្រេចបាននៅតាមប្រទេស កំពុងអភិវឌ្ឍនៅអាស៊ី និងការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់បណ្តា ប្រទេសឧស្សាហកម្មធំៗ។

លោក Samiuela Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តមានកំណើន ក្នុងសន្ទុះដ៏ខ្លាំងមួយ ដោយសារមានការជម្រុញពីការធ្វើ ពិពិធកម្មការនាំចេញ កំណើនខ្ពស់នៃវិស័យសំណង់ និងទេសចរណ៍ អាកាសធាតុមានលក្ខណៈអំណោយផល និងគោលនយោបាយសារពើពន្ធ ដែលជួយជម្រុញកំណើនសេដ្ឋកិច្ច»

លោកបន្តទៀតថា «ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងពង្រីកការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ចាប់ពីឆ្នាំនេះតទៅ ដើម្បីជួយដល់រដ្ឋាភិបាល ក្នុងការបង្កើនផលិតភាព អភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុង វិស័យកសិកម្ម បង្កើនការភ្ជាប់ទំនាក់ទំនងក្នុងតំបន់បន្តលើកកម្ពស់ការអប់រំកម្រិត មូលដ្ឋាន និងជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ក៏ដូចជាបង្កើនចំណាយសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍ សំដៅបន្តកែលំអការផ្តល់ សេវាសាធារណៈ»

របាយការណ៍របស់ ADB បានលើកឡើងទៀតថា បើតាមទិន្នន័យរបស់គយ ការនាំចេញទំនិញកើនឡើង ៧.៧% ហើយការនាំចូល កើនឡើង ៨.១% ក្នុងឆមាសទីមួយ ឆ្នាំ ២០១៧ ខណៈពេលដែលទិន្នន័យជញ្ជីងទូទាត់បង្ហាញថា ការនាំចេញទំនិញកើនឡើង ២០.៧% ហើយការនាំចូលកើនឡើង ១១.១%។ ឱនភាពគណនីចរន្តសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ដោយមិនទាន់គិតបញ្ចូលការផ្តល់ជំនួយ ឥតសំណង ថយចុះពី ១០.៨% នៃផលិតផលក្នុងស្រុកសរុប (ផសស) ក្នុងឆ្នាំ ២០១៦ ប៉ុន្តែកើនលើសការព្យាករក្នុងរបាយការណ៍ ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០១៧ បន្តិច។  

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា រំពឹងថាសេដ្ឋកិច្ចកម្ពុជា អាចនឹងនៅតែបន្តកំណើនរឹងមាំ ក្នុងរង្វង់៦.៩ភាគរយក្នុងឆ្នាំនេះ ដែលកំណើននេះ ត្រូវបានគាំទ្រដោយវិស័យសំណង់ និងវិស័យកសិកម្ម និងកំណើនខ្ពស់លើសការរំពឹងទុកនៃ វិស័យទេសចរណ៍៕