(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលឧបសម្ព័ន្ធ១ នៃប្រកាសលេខ ១៧៣ ក.ប/ប្រកស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។
រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា ដើម្បីអនុវត្តន៍របបសន្តិសុខសង្គមនេះ អាចដំណើរការទៅជោគជ័យបានលុះត្រាតែមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមានមូលដ្ឋានសុខាភិបាលជាអ្នកផ្តល់សេវាដ៏ល្អនិងរឹងមាំប្រកប ដោយទំនុកចិត្តខ្ពស់។ ដោយឈរលើគោលការណ៌ និងការអនុវត្ត កន្លងមកតំលៃនៃការទូទាត់ជូនមូលដ្ឋានសុខាភិបាល ពុំទាន់ធានាបាននូវការចំណាយរបស់មូលដ្ឋានសុខាភិបាល និងប្រាក់ឧបត្ថម្ភបន្ថែម ដល់បុគ្គលិកសុខាភិបាល។
ដូច្នេះបានជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសអន្តរ ក្រសួង លេខ១៧៣ក.ប/ ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីយន្តការទូទាត់សេវាផ្នែកថែទាំសុខភាព ដោយតំឡើងតម្លៃទូទាត់ សេវាជូនមូលដ្ឋានសុខាភិបាល ដើម្បីជំរុញឲ្យមូលដ្ឋានសុខាភិបាលទាំងអស់ អាចមានលទ្ធភាពពេញលេញនិងរក្សាបានសេ្ថរភាព ហិរញ្ញវត្ថុ សម្រាប់ការផ្តល់សេវាជូនកម្មករនិយោជិត ជាសមាជិតដែលបានទៅប្រើប្រាស់សេវាឲ្យបានកាន់តែប្រសើរបន្ថែមទៀត។
ក្នុងនាមអាណាព្យាបាលបច្ចេកទេសរបស់ ប.ស.ស រដ្ឋមន្ត្រីក្រសួងការងារ បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់កម្រិតរបស់ ប.ស.ស និងមន្រ្តីគ្រប់ជាន់ថ្នាក់ របស់មូលដ្ឋានសុខាភិបាល ដែលតែងតែប្រកាន់ភ្ជាប់នូវកាតព្វកិច្ច និងក្រមសីលធ៌មវិជ្ជាជីវៈ ក្នុងការផ្តល់សេវាទៅឲ្យសមាជិក ប.ស.ស ជាកម្មករនិយោជិត ដោយតម្លាភាព ប្រសិទ្ធភាពនិងការទទួល ខុសត្រូវខ្ពស់ និងបានផ្តាំផ្ញើឲ្យមន្រ្តីដែលពាក់ព័ន្ធទាំងអស់ មេត្តារក្សាឥរិយាបទ នៃការផ្តល់សេវាសាធារណៈដ៏ប្រពៃ។
គូសបញ្ជាក់ថា ក្នុងដំណាក់កាល នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ប.ស.ស បានចុះបញ្ជីកា សហគ្រាស គ្រឹះស្ថាន (ចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ) បានចំនួន៨២៨សហគ្រាស ទូទាំងរាជធានី-ខេត្ត មានកម្មករនិយោជិត ប្រមាណ៩១ម៉ឺនាក់ ក្នុងនោះសហគ្រាស ដែលបានដាក់ឲ្យជាប់ភាគទានចំនួន ៦៩០សហគ្រាស។
ប.ស.ស បានបង្កភាពងាយស្រួលឲ្យកម្មករនិយោជិតទទួលបាន ការប្រើប្រាស់សេវាដែលនៅជិតកន្លែងធ្វើការងារ និងលំនៅស្ថាន ក្នុងដំណាក់កាលនេះ ប.ស.ស បានពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋានសុខាភិបាល ទូទាំងរាជធានី-ខេត្តមកដល់ ខែសីហា ឆ្នាំ២០១៧ មានចំនួន១,២៨៩មូលដ្ឋាន រួមមានមន្ទីរពេទ្យថ្នាក់ជាតិ០៤ មន្ទីរពេទ្យបង្អែកចំនួន១០៥ មណ្ឌលសុខភាពចំនួន១.១៦៩ និងមន្ទីរពេទ្យឯកជនចំនួន១១ ក្នុងនោះសមាជិកទៅប្រើប្រាស់សេវាប្រមាណ៣១ម៉ឺននាក់។ បន្ថែមពីនេះ ប.ស.សបានបើកផ្តល់តាវកាលិក ថែទាំសុខភាព ដែលមានជនរងគ្រោះចំនួន១,៥៦៣នាក់។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកម្មការិនីសម្រាលកូនទទួលបានពី ប.ស.ស ៧០ភាគរយ នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន និង៥០ភាគរយ នៃប្រាក់ឈ្នួលសរុបពីនិយោជកផងដែរ៕