Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល រកឃើញពងដង្កូវព្រូន ទ្រីស៊ីណែឡា នៅក្នុងសាច់សត្វឆៅ ដែលប្រជាពលរដ្ឋ បរិភោគ ហើយបណ្ដាលឲ្យស្លាប់មនុស្ស៨នាក់ ជាបន្ដបន្ទាប់ នៅខេត្តកំពង់ធំ ក្នុងកំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ

26-09-2017 11:57

(ភ្នំពេញ)៖ តាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញានេះ បានឲ្យដឹងថា ក្រសួងសុខាភិបាល បានរកឃើញ ពងដង្កូវព្រូន ទ្រីស៊ីណែឡា នៅក្នុងសាច់សត្វឆៅ ដែលប្រជាពលរដ្ឋ បានបរិភោគ កាលពីកន្លងកំឡុងបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ដែលបណ្ដាលឲ្យមនុស្ស៨នាក់ស្លាប់ ជាបន្ដបន្ទាប់ នៅភូមិ ច្រកគោល ឃុំមានរិទ្ធ ស្រុកសណ្ដាន់ (តំបន់ព្រៃឡង់) ខេត្ដកំពង់ធំ ។

ក្រសួងបានបញ្ជាក់ទៀតថា​ ការបរិភោគសាច់សត្វព្រៃប្រហែលជា ៣ ទៅ៤សបា្ដហ៍ មុនពួកគាត់ឈឺ ហើយមាន អ្នកឈឺ មានរោគសញ្ញា ដូចជា៖ គ្រុនក្ដី រាកក្អួត ឈឺសាច់ដុំ អស់កម្លាំង ហើមដៃហើមជើង និងឈឺសន្លាក់ ដែលអការៈ​រោគនេះ ចាប់ផ្ដើម តាំងពីថ្ងៃទី០១​ខែសីហា ឆ្នាំ២០១៧ ដោយថ្ងៃបុណ្យភ្ជុំបិណ្ឌ មានករណី ឈឺសរុប​​ ៣៣ ករណី ក្នុងនោះស្លាប់៨នាក់ (ប្រុស)។ក្នុងចំណោមអ្នកជំងឺ ១៣នាក់ ដែលបាន មក សំរាកព្យាបាល នៅមន្ទីរពេទ្យ ខេត្ដកំពង់ធំ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យកេតុមាលា ក្រុមការងារ និងក្រុមគ្រូពេទ្យ បានយកសំណាក កោសិកា សាច់ដុំ ដើមដៃ អ្នកជំងឺ ៣នាក់ និងឈាម ពីអ្នកជំងឺ ៩នាក់ ទៅវិភាគ ហើយសំណាកអ្នកជំងឺ ៣នាក់ ត្រូវបានបញ្ជាក់ឲ្យឃើញថា មានដង្កូវព្រូន ទ្រីស៊ីណែឡា នៅក្នុងសាច់ដុំ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលលទ្ធផល បានបង្ហាញឲ្យឃើញថា មានពងដង្កូវព្រូន ទ្រីស៊ីណែឡា ។

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមបញ្ឈប់ការបរិភោគ សាច់ឆៅ ឬចម្អិន មិនឆ្អិនល្អ និងចូលរួមអនុវត្ដវិធានការ បង្ការជំងឺដង្កូវព្រូនទ្រីស៊ីណែឡា ដែលជំងឺនេះ នឹងអាចបណ្ដាលឲ្យមនុស្សស្លាប់ ក្នុងរយៈពេលដ៏ខ្លីផងដែរ។

ខាងក្រោមនេះ គឺជារូបភាព និងការបង្ការ ពីជំងឺនេះ៖