(ភ្នំពេញ)៖ ជនសង្ស័យចំនួន៤នាក់ រួមជាមួយថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង ត្រូវបានលោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ និងលោកនាយផ្នែកគ្រឿងញៀន ស៉ឹម សាវ៉ាត ដែលជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ច បានបើកការបង្ក្រាបឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីម៉ោង២២យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខA ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ក្រោយទទួលបានផែនការជាបន្តបន្ទាប់ពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ ក្នុងការសហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ដើម្បីយាមល្បាតរក្សាសន្តិសុខតាមគោលដៅនីមួយៗ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនៅពេលរាត្រី ខណៈដែលកំពុងល្បាត ស្រាប់តែប្រទះឃើញនិងគួរឲ្យសង្ស័យលើ ពួកគេទាំង៤នាក់ ដែលជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកហុងដាសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង១A-១៣០០ និង១គ្រឿងទៀតម៉ាកហុងដា សង់ប៊ិច សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល១S-៣៥៣៣ ទើបធ្វើការឃាត់ត្រួតពិនិត្យ បានរកឃើញក្រាមសថ្លា ជាថ្នាំញៀន២កញ្ចប់តូច ខណៈទើបតែមកពីទិញ ដើម្បីយកទៅធ្វើសកម្មភាពប្រើប្រាស់ ដោយមិនទាន់ទាំងបានទៅដល់គោលដៅផង ក៏ត្រូវកម្លាំងជំនាញសហការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់តែម្ដង។

ជាមួយគ្នានោះ លោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ទី១-ឈ្មោះ ហែម ស្រីរ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ ទី២-ឈ្មោះ កៅ វិញ ភេទប្រុស អាយុ២៤ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្ថានី ឃុំស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោសាធ៌ ទី៣-ឈ្មោះ ផាន សាន ភេទប្រុស អាយុ២៩ឆ្នាំ ទី៤-ឈ្មោះ ផាន ភារុណ ភេទប្រុស អាយុ២១ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបញ្ជូនមកសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕