(ភ្នំពេញ)៖ សាកលវិទ្យាល័យន័រតុន បានរួមសហការជាមួយ «គ្រួសារតារាកម្ពុជា» រៀបចំព្រឹត្តិការណ៍ «កម្រាលព្រំសប្បុរសធម៌ធំមួយ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា» ក្នុងគោលបំណងរៃអង្គាសថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៧ នេះ។ នៅក្នុងឱកាសនោះ មហាជនគ្រប់ទិសទីនឹងអាចចូលរួម កំសាន្តសប្បាយដោយសេរី ជាមួយទស្សនីយភាព រួមមានការច្រៀងរាំ ដើរម៉ូដ និងកំប្លែងពីក្រុមសិល្បករ-សិល្បការនីល្បីៗនៅក្នុងប្រទេសកម្ពុជា ដែលសុទ្ធសឹងតែបានស្ម័គ្ររួមគ្នា ជួយក្នុងព្រឹត្តិការណ៍នោះ ដើម្បីជាប្រយោជន៍ ដល់មន្ទីរពេទ្យគន្ធបុប្ផា។
នេះជាការប្រគំតន្ត្រី ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ តាំងពិព័រណ៍ស្នាដៃនិស្សិតគ្រប់ផ្នែក គ្រប់ជំនាញរបស់និស្សិតន័រតុន ដោយក្នុងរយៈពេល៣ថ្ងៃនោះ ក៏មានការផ្ដល់ជូននូវការសម្អាត មាត់ធ្មេញពីសំណាក់សាស្ត្រាចារ្យ និងនិស្សិតផ្នែកទន្តសាស្រ្ត នៅបន្ទប់ទន្តសាស្រ្ត នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានបំពាក់ដោយឧបករណ៍ថ្មី ទំនើបឥតគិតថ្លៃជូនដល់អ្នកចូលរួមទស្សនា ផងដែរ។ ក្នុងនោះក៏មានដាក់បង្ហាញ នូវស្នាដៃរបស់និស្សិតស្ដី ពីគម្រោងផ្នែកស្ថាបត្យកម្ម សំណង់ស៊ីវិល កុំព្យូទ័រ អេឡិចត្រូនិច និងផ្នែកវិទ្យាសាស្ត្រសង្គម ដើម្បីលើកម្ពស់ស្នាដៃរបស់និស្សិតប្រចាំឆ្នាំ។
អ្វីដែលកាន់តែពិសេសទៅទៀត គឺអ្នកចូលរួមទស្សនាទាំងអស់ នឹងទទួលបានការចែកជូននូវសៀវភៅ ស្ដីពីប្រវត្តិប្រាសាទសំបូរព្រៃគុក ដែលត្រូវបានរៀបចំរហូតដល់រាប់រយក្បាល ដើម្បីអបអរដល់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក នៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌ ពិភពលោកកាលពីពេលថ្មីៗ។ ព្រឹត្តិការណ៍នេះនឹងបើកឲ្យទស្សនាដោយសេរី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ព្រឹត្តិការណ៍ កម្រាលព្រំសប្បុរសធម៌របស់គ្រួសារតារាកម្ពុជា ត្រូវបញ្ចប់នៅយប់ថ្ងៃទី២៩កញ្ញា ក្នុងឆ្នាំដដែល។
លោកបណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យន័រតុន បានអះអាងថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា បានសម្រេចរៀបចំព្រឹត្តិការណ៍ នេះឡើង ក្នុងគោលបំណងស្វែងរកកម្លាំងពីតារាល្បីៗឲ្យចូលរួមធ្វើយុទ្ធនាការច្រៀងរាំ និងឈរកាន់ហិបរៃអង្គាសដោយផ្ទាល់ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកបណ្ឌិតសង្ឃឹមថា ព្រឹត្តិការណ៍ប្រគំតន្ត្រីមួយនេះ នឹងទាក់ទាញប្អូនៗជាសិស្ស និស្សិត អាណាព្យាបាល អតីតនិស្សិត និងសាធារណៈជនបានច្រើនកុះករ ដើម្បីរួមគ្នា ចែករំលែកក្ដីស្រលាញ់ដល់កុមារៗ ដែលត្រូវការភាពរឹងមាំ របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវការជំនួយពីសប្បុរសជន ជារៀងរាល់ថ្ងៃ៕