(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានបញ្ជូនជនបរទេសម្នាក់ ជាជនជាតិណូវេល ដែលវាយកម្ទេចប៉ាណូផ្សព្វផ្សាយ របស់គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយសំណុំរឿងនេះស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ កំពុងដំណើរការសាកសួរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២០៖៣០នាទីយប់ នៅតាមបណ្តោយផ្លូវលេខ៩០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីជនបរទេសម្នាក់ ជនជាតិណូវេល បានដើរតាមបណ្តោយផ្លូវលេខ៩០ មុខសាលាខណ្ឌដូនពេញចាស់ រហូតដល់មុខមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ស្រាប់តែជនបរទេសនោះ ដើរមកវាយកញ្ចក់ប៉ាណូ ផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជា នៅមុខមន្ទីរគណបក្សខណ្ឌដូនពេញ រួចក៏រត់សំដៅចូលមកក្នងផ្ទះសំណាក់ «មុនីវង្ស» ខាងជើងសាលារាជធានីភ្នំពេញ។

ក្រោយមកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះទៅដល់ផ្ទះសំណាក់នោះ នៅជាន់ទី៣ ក៏បានឃើញជនបរទេសនោះ កំពុងសំងំនៅក្នុងបន្ទប់លេខ៣៣៣ បន្ទាប់មកកម្លាំងអាជ្ញាធរបានឲ្យគាត់ចុះមកក្រោមដើម្បីជិះរថយន្តទៅមន្ទីរពេទ្យដើម្បីដេរមុខរបួស។

ជនបរទេសនោះ ក៏បានឡើងរថយន្តគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ជិះមកមណ្ឌលសុខភាពខណ្ឌដូនពេញ តាមការស្នើរសុំរបស់អាជ្ញាធរ ដើម្បីព្យាបាលមុខរបួស និងអនុវត្តវិធានការច្បាប់នៅពេលក្រោយ៕