(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក្រោមការបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌ និងមានការដឹកនាំផ្ទាល់ដោយអភិបាលរងខណ្ឌលោក ប្រាជ្ញ សីហា បានបន្តស្រាវជ្រាវ រហូតឈានដល់បើកប្រតិបត្តិការលបឆ្មក់វាយចំគោលដៅ បង្ក្រាបនូវល្បែងស៊ីសងមួយសំបុកធំ មានដល់ទៅ៨ទីតាំង និងដកហូតបានប្រភេទទូរហ្គេមបាញ់ត្រីចំនួន១១គ្រឿង 

ដើម្បីយកមករក្សាទុក ខណៈមេបនល្បែងជាជនជាតិវៀតណាមឈ្មោះ ចុង រហ័សនាម៩២ ស្នាក់នៅក្បែរផ្សារ ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងអាងខ្សែធំ ជាមន្ត្រី នៃស្នងការនគរបាលរាជធានីភ្នំពេញ បានដឹងខ្លួនជាមុន ហើយដកយកក្បាលម៉ាស៊ីនរត់គេចខ្លួនបាត់តែម្ដង។

លោក ជា ពិសី បានបញ្ជាក់ថា ការចំណាយពេលវេលាស៊ើបអង្កេត រហូតអាចឈានដល់បើកការបង្ក្រាបករណីល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីមួយសំបុកធំ ដកហូតបានដល់ទៅចំនួន១១គ្រឿងខាងលើនេះ ក្រោយមានបញ្ជាជាបន្តបន្ទាប់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងដើម្បីចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រតិបត្តិការនេះដែរ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចជួរមាត់ទន្លេ ស្ថិតក្នុងតំបន់មិនរៀបរយ ខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី១ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោក ប្រាជ្ញ សីហា បានលើកឡើងថា ចំពោះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ជាលក្ខណៈទ្រង់ទ្រាយធំ របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវបានទទួលនូវការអបអរសាទរពីប្រធានក្រុមមេ៥០ខ្នង និងមេភូមិផងដែរ ជាពិសេសទទួលបានការអបអរសាទរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន ដែលរស់នៅក្បែរទីតាំងបនល្បែងខាងលើ ដោយសារតែការបើកលេងប្រភេទហ្គេមបាញ់ត្រី ទាំងយប់ ទាំងថ្ងៃ បង្កការរំខានយ៉ាងអនាធិបតេយ្យ និងមានទាំងសេពគ្រឿងញៀនថែមទៀត ដោយក្នុង១សំបុកដ៏ធំនៅក្បែរៗគ្នា មានដល់ទៅ៨ទីតាំង និងដកហូតបានទូរហ្គេមបាញ់ត្រីចំនួន១១គ្រឿង ក្នុងនោះមាន៦គ្រឿង កំពុងបើកដំណើរការលេងយ៉ាងសប្បាយ និង៥គ្រឿងទៀត ត្រូវបានម្ចាស់ទីតាំងដឹងខ្លួនជាមុន ហើយដោះដកយកក្បាលម៉ាស៊ីនរត់គេចខ្លួនបាត់ស្រមោល និងយកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធី៕

មេបនល្បែងជាជនជាតិវៀតណាមឈ្មោះ ចុង រហ័សនាម៩២ និងភរិយា