(បាត់ដំបង)៖ អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល បានឧបត្ថម្ភថវិកាមនុស្សធម៌ ដល់គ្រូបង្រៀន២នាក់ប្តីប្រពន្ធដែលភ្លើងឆេះផ្ទះ នៅស្រុកគាស់ក្រឡកន្លងទៅ ដើម្បីជួយសម្រាលជីវភាពរស់នៅ ដែលការប្រគល់អំណោយនេះ បានធ្វើនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយមើលឃើញពីជីវភាពជួបការលំបាករបស់លោកគ្រូ អ្នកគ្រូទាំង២នាក់ប្តី ប្រពន្ធ ដែលត្រូវភ្លើងឆេះផ្ទះអស់គ្មានសល់ កាលទៀបភ្លឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ខណៈពេលអ្នកទាំង២ជាប់រវល់បេសកកម្មមកធ្វើអនុរក្ស នៃការប្រឡងសញ្ញាបត្រទុតិយភូមិកន្លងទៅនោះ។
ជាមួយគ្នានោះ ប្តីប្រពន្ធរូបនេះ បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលមានសណ្តានចិត្តសប្បុរសធម៌ ជួយពួកគេទាំង២ ហើយក៏បានបួងសួងដល់បារមី និងទេវតាទាំងឡាយក្នុងលោកនេះ សូមជួយបីបាច់ថែរក្សាលោក និងក្រុមគ្រួសារមានសុខភាពល្អ អាយុយឺនយូរ មានសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យក្នុងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។
សូមបញ្ជាក់ថា គ្រោះថ្នាក់អគ្គិភ័យមួយ បានលេបត្របាក់ឆេះផ្ទះគ្រូបង្រៀន២នាក់ប្តី-ប្រពន្ធ ខ្ទេចគ្មានសល់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ នៅក្នុងផ្ទះទាំងអស់ បន្ទាប់ពីម្ចាស់ផ្ទះខាងលើ ជាប់បំពេញភារកិច្ចទៅធ្វើជាអនុរក្សចំនួន២ថ្ងៃ នៅទីរួមខេត្តបាត់ដំបង សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលករណីនេះកើតឡើង នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ៕