(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage) នៃសាធារណរដ្ឋប្រជាមានិតចិន នឹងចុះអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងលើការប្រើប្រាស់បច្ចេកវិទ្យា អវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ រយៈពេល៣ឆ្នាំបន្តទៀត ក្រោយពីអនុស្សរណៈឆ្នាំ២០១៣ បានផុតកំណត់។
ក្នុងជំនួបពិភាក្សានៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា លោក HONG TIANHAU អគ្គនាយករង និងជាអគ្គលេខាធិការ នៃមជ្ឈមណ្ឌល HIST បានបង្ហាញអំពីការងារពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀត ដែលផ្តោតសំខាន់លើការស្រាវជ្រាវ ដោយបច្ចេកវិទ្យាអវកាស ការបណ្តុះបណ្តាលធនធានមនុស្ស ការបំពាក់គ្រឿងសម្ភារៈក្នុងកន្លែងការងារ និងការរៀបចំក្រុមមនុស្សធ្វើការរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងចិន។
លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ក្នុងជំនួបពិភាក្សាថា អាជ្ញាធរជាតិអប្សរារីករាយ នឹងបន្តកិច្ចសហប្រតិបត្តិការ ដែលប្រកបដោយផ្លែផ្កានេះ ជាពិសេសក្នុងកិច្ចព្រមព្រៀងថ្មីនេះ លោកបានស្នើឲ្យភាគីចិន ជួយរៀបចំវគ្គបណ្តុះបណ្តាលដោយឈរលើការអនុវត្តជាក់ស្តែង ដែលរៀបចំនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃអាជ្ញាធរជាតិអប្សរាផ្ទាល់ ដើម្បីមិនតែមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា ទទួលបានការបណ្តុះបណ្តាលប៉ុណ្ណោះទេ តែក៏អនុញ្ញាតឲ្យមន្ត្រីជំនាញកម្ពុជា ផ្នែកអភិរក្សទាំងនៅអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ឲ្យចូលរួមវគ្គបណ្តុះបណ្តាលនេះដែរ។
ក្រៅពីនេះទៀត ភាគីទាំង២ក៏បានពិភាក្សា អំពីលទ្ធភាពរៀបចំកិច្ចប្រជុំអន្តរជាតិ លើជំនាញបច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្សនៅចុងឆ្នាំ២០១៨ ដែលមានអ្នកជំនាញមកពីចំនួន២០ប្រទេស។ កិច្ចប្រជុំអន្តរជាតិបែបនេះ ធ្លាប់បានរៀបចំរួចមកហើយនៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៦ រីឯចុងឆ្នាំ២០១៧នេះ នឹងរៀបចំនៅទីក្រុងហុងកុង។
សូមបញ្ជាក់ថា បច្ចេកវិទ្យាអវកាស(Remote Sensing) គឺជាបច្ចេកវិទ្យាផ្កាយរណប ដែលអាចឲ្យយើងដឹងពីបម្រែបម្រួលក្នុងតំបន់អង្គរប្រចាំ។ បច្ចេកវិទ្យានេះ ប្រើប្រាស់ដើម្បីគ្រប់គ្រងទឹក ព្រៃឈើ និងប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយតាមរយៈបច្ចេកវិទ្យានេះ យើងបានទទួលព័ត៌មានរៀងរាល់៤ថ្ងៃម្តង អំពីបម្រែបម្រួលក្នុងតំបន់អង្គរ។
អាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ជាមួយមជ្ឈមណ្ឌលអន្តរជាតិបច្ចេកវិទ្យាអវកាស សម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ក្រោមការសម្របសម្រួលដោយអង្គការយូណេស្កូ ស្តីពីគម្រោងសហប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់អភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់សៀមរាប-អង្គរ៕