(ភ្នំពេញ)៖ កម្មករ-កម្មការិនី សិស្ស និស្សិត ដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងទទួលបានតម្លៃទឹកទាបជាងមុន នៅក្នុងការអនុវត្តន៍ទឹកស្អាត ជំហ៊ានទី២ របស់រដ្ឋាករទឹកស្វយ័តក្នុងភ្នំពេញ ក្នុងការចូលរួមកាត់បន្ថយនូវចំណាយមួយចំនួន ដើម្បីឲ្យសិស្ស និស្សិត ស្នាក់នៅផ្ទះជួលមានជីវភាពប្រសើរជាងមុន។

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការបញ្ចុះថ្លៃទឹកស្អាត ជូនតំណាងចែកចាយទឹកស្អាតបន្ត ដល់កម្មករ–កម្មការិនី សិស្ស និងនិស្សិត ស្នាក់នៅតាមបន្ទប់ជួល ដែលប្រារព្ធធ្វើឡើងនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នេះថា យោងតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ស្តីពីការចុះអនុវត្តន៍ភ្ជាប់បណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋដែលស្នាក់នៅផ្ទះជួល នៅក្នុងឆ្នាំ២០១៥ មកដល់ពេលនេះ រដ្ឋាករទឹកស្វយ័តក្នុងភ្នំពេញបានចុះតបណ្តាញទឹកស្អាត និងដាក់កុងទ័រជូនប្រជាពលរដ្ឋ បានជាច្រើន ក្នុងខណ្ឌទាំងអស់នៅរាជធានីភ្នំពេញ។

លោកបន្តឲ្យដឹងថា ពាក់ព័ន្ធនឹងការអនុវត្តន៍ការចុះតបណ្តាញទឹកស្អាតជំហ៊ានទី២នេះ គឺមានការបញ្ចុះថ្លៃ ទឹកស្អាតបន្ថែមទៀត ក្នុងនោះសម្រាប់ម្ចាស់ផ្ទះជួលរដ្ឋាករទឹក លក់ទឹកស្អាតនៅត្រឹម៧០០រៀល ក្នុងមួយម៉ែត្រគូប នឹងការតបណ្តាញចូលទៅបន្ទប់ជួល ហើយម្ចាស់ផ្ទះជួលលក់បន្ត ក្នុងតម្លៃត្រឹមតែ៨០០រៀល ក្នុង មួយម៉ែត្រគូបតែប៉ុណ្ណោះ ដែលជាតម្លៃថោកជាងថ្លៃដើម នៃការផលិតទឹកស្អាត របស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ។

លោកអគ្គនាយកបានបញ្ជាក់ថា នៅក្នុងការអនុវត្តជំហ៊ានទី១កន្លងមក រដ្ឋាករទឹកស្វយ័តក្នុងភ្នំពេញ បានចំណាយថវិកា ជិត៧០ម៉ឺនដុល្លារ។ ចំណែកការអនុវត្តន៍នៅក្នុងជំហ៊ានទី២នេះ រដ្ឋាករទឹកគ្រោងចំណាយថវិកា ប្រមាណជិត៦០ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីជំរុញឲ្យប្រជាពលរដ្ឋរស់នៅតាមបន្ទប់ជួល មានទឹកស្អាតប្រើប្រាស់ ជាទឹកដែលមានគុណភាព សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕