(ភ្នំពេញ)៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងារ ទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេស ដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងរៀនសូត្រនៅទីនោះ ដើម្បីពន្យល់ពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ ប៉ុន្តែការបង្ហាញវត្តមានរបស់លោក ហ៊ុន ម៉ាណែត ខាងលើនេះ ក៏លេចចេញរូបភាពនៃការតវ៉ាប្រឆាំងពីសំណាក់ក្រុមមួយចំនួនតូចផងដែរ។

ឆ្លើយតបនៃការតវ៉ាប្រឆាំងវត្តមានកូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី នៅពេលនេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាល គឺលោក ផៃ ស៊ីផាន ចាត់ទុកថា ពុំមានឥទ្ធិពល លើការសម្រេច ចិត្តរបស់កម្ពុជាឡើយ ហើយសម្រាប់លោក ហ៊ុន ម៉ាណែត គាត់ជាឧត្តមផលប្រយោជន៍ជនរួមឈាមខ្មែរទាំងអស់។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន បានបញ្ចេញទស្សនៈយ៉ាងដូច្នេះថា ការធ្វើបាតុកម្មទាំងឡាយនៅក្រៅកម្ពុជា ពុំមានអ្វីជៈឥទ្ធិពលធ្វើឲ្យការសម្រេចចិត្តរបស់កម្ពុជា ងាករេពីកិច្ចការអនុវត្តច្បាប់បានឡើយ ត្បិតអី ជីវភាពសេដ្ឋកិច្ច និងជីវភាពនយោបាយរបស់គេទាំងអស់នោះ គឺស្ថិតនៅក្នុងបរិបថ នៃទីកន្លែង និងផលប្រយោជន៍របស់បរទេស ដែលជាកន្លែងគេរស់នៅខុសៗគ្នា គឺមិនមែនតំណាងឲ្យផលប្រយោជន៍និងអធិបតេយ្យភាពកម្ពុជា ដែលជារដ្ឋឯករាជ្យមួយនោះបានឡើយ។

រីឯការប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត គឺជាចលនាប្រត្តិកម្មជាមួយនិងភាពភិតភ័យ ដែលជាការផ្តាច់ខ្លួនរបស់ជនទាំងអស់នោះ។ លោក ហ៊ុន ម៉ាណែត ជាបេសកជនពិសេសនៃបេសកកម្មសន្តិភាព និងការផ្សះផ្សាជាតិតែប៉ុណ្ណោះ ដែលកើតចេញពីយុវជនមិនពាក់ព័ន្ធ និងអតីតកាល ហើយគេទាំងអស់នោះ ពុំគួរខ្លាចសោះឡើយ។ អតីតកាលរបស់កម្ពុជា ក៏គ្មានអ្វីពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត នេះដែរ។

បំណងរបស់លោក ហ៊ុន ម៉ាណែត គឺជាឧត្តមផលប្រយោជន៍ជនរួមឈាមខ្មែរទាំងអស់ ដែលយើងចាត់ទុកថា មានឈាមជ័រនៃជាតិខ្មែរតែមួយ។ ការបង្អាក់ ឬ ប្រឆាំងនឹងឧត្តមបេសកកម្មនេះ គឺជាសកម្មភាពព្រៃផ្សៃ ហើយមិនស៊ីវីល័យដែលគេទាំងអស់នោះបានរស់នៅ ក្នុងសង្គមសេរីប្រជាធិបតេយ្យ។ បាតុកម្មនោះ គឺជាជម្រើសនៃមាគ៌ា «ពហិកា» ផ្តាច់ខ្លួនពីនិន្នាការប្រជាធិបតេយ្យប៉ុណ្ណោះ។

សូមរំលឹកផងដែរថា ទោះបីជា CPP ជាគណបក្សឈានមុខទាំងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល ក្នុងការគ្រប់គ្រងអំណាចរដ្ឋ យ៉ាងណាក៏ដោយក៏យើង នៅតែរក្សានូវភាពអំណត់ ស្វាគមន៍ បងប្អូនទាំងអស់ មករួមរស់ជាមួយគ្នា ក្នុងកិច្ចថែរក្សាសន្តិភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋជានិច្ចកាល។ យើងមិនដែលមានបំណងប្រឆាំងនឹងវត្តមានរបស់អស់លោក និងលោកស្រីទាំងអស់មកកាន់កម្ពុជានោះឡើយ។ នេះជាសីលធម៌នៃវប្បធម៍ប្រជាធិបតេយ្យសេរីពហុបក្សរបស់ CPP គួរតែរៀនធ្វើតាម។

សូមបញ្ជាក់ថា នេះជាដំណើររទស្សនកិច្ច​ លើកទី៣ ទៅកាន់បណ្ដាប្រទេសនៅក្នុងទ្វីបអឺរ៉ុប។​ ក្រៅពីដំណើរទស្សនកិច្ចផ្លូវការ​លើកនេះ​ លោក​ ហ៊ុន​ ម៉ាណែត​ ក៏មានគំរោងជួបជាមួយ​ យុវជន​ និងនិស្សិតខ្មែរ​ បងប្អូនពាណិជ្ជករខ្មែរ-ចិន​ និង​បងប្អូនប្រជាពលរដ្ឋខ្មែរ​ ជាច្រើននាក់ នៅតាមបណ្ដាប្រទេសមួយចំនួន​ នៅក្នុងទ្វីបអឺរ៉ុបថែមទៀតផងដែរ៕