(ភ្នំពេញ)៖ វិស័យសេដ្ឋកិច្ចរបស់កម្ពុជា បាននិងកំពុងមានកំណើនយ៉ាងខ្លាំង ក្នុងរង្វង់៧ភាគរយជារៀងរាល់ឆ្នាំ រយៈពេល២០ឆ្នាំចុងក្រោយនេះ ក្នុងនោះវិស័យសំណង់ ក៏បានដើរតួយ៉ាងសំខាន់ ក្នុងជំរុញកំណើនសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក រ៉ឺន រដ្ឋា អគ្គនាយកក្រុមហ៊ុនសំណង់ MY WINDOW ប្រចាំកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់នៅកម្ពុជា បាននិងកំពុងមានការរីកចំរើនកើនឡើងជាលំដាប់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីប៉ុន្មានឆ្នាំកន្លងទៅ។
ថ្លែងក្នុងឱកាស ដែលលោកអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពី ការបង្ហាញផលិតផលថ្មីៗ របស់ក្រុមហ៊ុន MY WINDOW នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ លោក រ៉ឺន រដ្ឋា បានថ្លែងឲ្យដឹងថា « បច្ចុប្បន្ននេះវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យសំណង់ មានការកើនឡើងខ្ពស់ដោយសារតែយើងឃើញថា សព្វថ្ងៃនេះមានអគារខ្ពស់ៗជាច្រើន កំពុងសាងសង់ឡើង ដូច្នេះហើយបានជាក្រុមហ៊ុនខ្ញុំ សម្រេចចិត្តនាំចូលនូវគ្រោងទ្វារ បង្អួច អាលុយមីញូមបន្ថែមទៀត ដើម្បីផ្គត់ផ្គង់លើទីផ្សារកម្ពុជា»។
លោកបានបន្ដទៀតថា «រយៈពេល៣ឆ្នាំចុងក្រោយនេះ ឃើញថាវិស័យសំណង់មានសន្ទុះខ្លាំង នេះបើប្រៀបធៀបទៅនឹងរយៈដូចគ្នាកាលពី៣-៤ឆ្នាំមុន ដែលយើងបានឆ្លងកាត់កន្លងមក ព្រោះថាវិស័យសំណង់នៅកម្ពុជា កំពុងមានការរីកចំរើន ព្រមទាំងមានតម្រូវការខ្ពស់ផងដែរ»។
លោកបន្ដទៀតថា សម្រាប់ការរៀបចំសិក្ខាសាលាថ្ងៃនេះធ្វើឡើង ដើម្បីចែករំលែក បទពិសោធន៍ និងចំណេះដឹងផ្សេងៗ ព្រមទាំងការបង្ហាញពីផលិតផលផ្សេងៗ ថ្មីៗជាច្រើនទៀត។
លោកបានបញ្ជាក់ទៀតថា ដោយសារតែវិស័យសេដ្ឋកិច្ច នៅតែបន្ដរីកចំរើនខ្លាំង ដូច្នេះហើយស្ទឺរតែគ្រប់វិស័យទាំងអស់ នៅក្នុងប្រទេសកម្ពុជា នឹងដំណើរការទៅយ៉ាងរលូន ជាពិសេសគឺវិស័យសំណង់នេះឯងហើយសម្រាប់ក្រុមហ៊ុន ដែលផ្គត់ផ្គង់គ្រឿងសំណង់ នាថ្ងៃអនាគត នឹងដំណើរការទៅយ៉ាងល្អបំផុត ដោយសារវិស័យសំណង់នៅតែបន្ដកើនឡើងខ្ពស់ ដូច្នេះតម្រូវការខាងផ្នែកសំភារៈ ក៏កើនឡើងខ្ពស់ដូចគ្នាដែរ។
លោកបានថ្លែងបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះក្រុមហ៊ុន MY WINDOW បានបើកដំណើរការ នៅក្នុងទីផ្សារប្រទេសកម្ពុជា អស់រយៈពេល៨ឆ្នាំមកហើយ និងទទួលបានជោគជ័យយ៉ាងខ្លាំងព្រោះមានការគាំទ្រច្រើនពីសំណាក់ អតិថិជនក្នុងស្រុកជាច្រើន រហូតជម្រុញឲ្យក្រុមហ៊ុនបានបង្កើតសាខា នៅតាមបណ្ដាខេត្តទៀតផង ដើម្បីឆ្លើមតបនឹងតម្រូវការរបស់អតិថិជន។
សូមបញ្ជាក់ថា ក្រុមហ៊ុន MY WINDOW ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ដោយបានផ្គត់ផ្គង់គ្រឿង គ្រោងទ្វារបង្អួច UPVC និងអាលុយមីញ៉ូម កញ្ចក់ និងគ្រឿងតុបតែងលំនៅដ្ឋានទាន់សម័យទំនើប និងមានគុណភាពខ្ពស់៕