(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកទី២៥ ខែកញ្ញា ឆ្នាំ២០១៧ បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ ទៅជូនគ្រួសារសព លោកអនុសេនីយ៍ទោ នួន វិទ្យា ជំនួយការ ការិយាល័យ ភស្តុភារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤៣ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ថវិកាមូលនិធិដែលត្រូវបានយកទៅនេះ មានចំនួនប្រមាណជិត៥០លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត របស់អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកាចំនួន៥លានរៀល គឺជាថវិកាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា ដែលនាយឧត្តមសេនីយ៍ តែងតែបរិច្ចាគ ចូលរួមរំលែកទុក្ខដល់គ្រួសារសពរបស់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខពីចម្ងាយ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសព ត្រូវបន្តខិតខំថែរក្សាក្រុមគ្រួសារអោយបានល្អ បើទោះបីជាការបាត់បង់ លោកអនុសេនីយ៍ទោ នួន វិទ្យា ដែលជាឪពុកដ៏ល្អ ប្តីដ៏ល្អ បងដ៏ល្អ សំរាប់ក្រុមគ្រួសារ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែត្រូវបន្តកម្លាំងចិត្តដើរទៅមុខ ដើរទៅលើផ្លូវមួយដែលល្អ និងត្រឹមត្រូវ ដើម្បីអនាគតក្រុមគ្រួសារទាំងមូល៕