(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានទទួលស្គាល់ថា ប្រឡាយលូមួយចំនួនពិតជាត្រូវបានប្រជាពលរដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ មិនមែនចេះតែឃើញដៃយកដៃ ឃើញជើងយកជើងនោះទេ ពោលគឺយើងត្រូវដោះស្រាយ ជាមួយពួកគាត់តាមសម្រួលទៅតាមអ្វីដែលយើងអាចធ្វើបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការធ្វើសកម្មភាពស្តារ កាយប្រឡាយដើម្បីរំដោះទឹកជាការងារមួយដាច់ខាត ត្រូវតែធ្វើដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់នេះ។
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានជម្រុញឲ្យមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្រង់ស្ថិតិឲ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋ និងអ្នកមានប្រាក់មួយចំនួន ដែលរំលោភយកដីចំណីប្រឡាយ ចាក់ដីក្នុងប្រឡាយនិងបញ្ជាក់ពីទំហំប្រឡាយឲ្យបានច្បាស់ ពីចំណុចមួយទៅចំណុចមួយ ផ្ញើទៅឲ្យលោកជាបន្ទាន់ ដើម្បីឲ្យលោកអាចជម្រុញការងារនេះបានលឿន បំពេញទៅតាមសំណូមពរដែលប្រជាពលរដ្ឋចង់បាន។
លោកអភិបាលរាជធានីភ្នំពេញ បានរកឃើញ និងទទួលស្គាល់បែបនេះ ខណៈលោកនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពប្រឡាយ បារាំង ដើមស្លែង និងប្រឡាយលូប្រាំ ដើម្បីបញ្ជៀសបញ្ហាទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមួយចំណែកទៀតរំដោះទឹកចេញពីខណ្ឌពោធិសែនជ័យ។
ក្រោយពីការដើរត្រួតពិនិត្យឃើញថា ប្រឡាយលូមួយចំនួន ត្រូវបានប្រជាពលរដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យតួប្រឡាយតូច ទឹកហូរមិនទាន់ទើបបណ្តាលឲ្យ មានការលិចលង់ពេលមានភ្លៀងម្តងៗ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរថ្នាក់សង្កាត់ ខណ្ឌ រាជធានី ដើម្បីដោះស្រាយលើបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀងនេះ ពោលគឺប្រជាពលរដ្ឋត្រូវចូលជាច្រើនករណីដូចជា ត្រូវទុកដាក់សម្រាមឲ្យបានល្អ កុំឲ្យចូលមាត់លូ ហើយបើមានការរំលោភប្រឡាយលូ ត្រូវជួយរាយការណ៍ប្រាប់មកអាជ្ញាធរជាដើម ដើម្បីទប់ស្កាត់បានទាន់ពេល។
បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពជាក់ស្តែងលើប្រឡាយទឹកមួយចំនួន នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយសារតំបន់នេះតែងទទួលរងការលិចលង់ដោយទឹកជំនន់ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដូច្នេះហើយ ទើបលោកអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យដោះស្រាយលើបញ្ហាទឹកលិចនេះតែម្តង។
មន្រ្តីសាលារាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា បញ្ហាទឹកលិចនៅតំបន់នោះ បណ្ដាលមកពីមានភាពមិនប្រក្រតីមួយចំនួន ដោយសារតែមានការរំលោភកេងយកដីមាត់ប្រឡាយ ពិសេសអ្នកសាងសង់បុរីលក់នៅតំបន់ប្រឡាយបារាំង ក្នុងខណ្ឌសែនសុខ ដែលធ្វើឲ្យផ្លូវលេខ២០០៤ ផ្លូវដួងងៀប ផ្លូវក្រវ៉ាត់ក្រុងទី២ តំបន់ភូមិសាស្ត្រទឹកថ្លា និងតំបន់ភូមិសាស្ត្រខាងកើត និងខាងត្បូងព្រលានយន្តហោះ ទទួលរងការលិចលង់ជារឿយៗ ពេលមានភ្លៀងធ្លាក់ខ្លាំង។
ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំងពីរ និងមន្រ្តីសាធារណការប្រចាំរាជធានីភ្នំពេញ ត្រូវប្រញាប់ចុះត្រួតពិនិត្យនៅតាមបណ្ដោយ ប្រឡាយបារាំង ដើម្បីពិនិត្យបច្ច័យឲ្យបានល្អិតល្អន់ មុននឹងបើកដំណើរការជីកដីដាក់លូថ្មីរំដោះទឹកជំនន់ និងពន្យល់ប្រាប់ប្រជាពលរដ្ឋនៅតាមចញ្ចើមផ្លូវ និងនៅក្នុងបុរីភ្នំពេញថ្មី ខណ្ឌសែនសុខ សូមមានការយោគយល់ដល់ក្រុមការងារផង នៅពេលដំណើរការដាក់លូនោះ៕