(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវអនុក្រឹត្យ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាល និងការបង្កើតការិយាល័យប្រជាពលរដ្ឋ សម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានា របស់ប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាខេត្ត។
លោក សុខ លូ បានថ្លែងថា សម្រាប់ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ក៏បានបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រួចហើយដែរ។ ដោយឡែកនៅតាមមន្ទីរអង្គភាព និងស្រុកផ្សងទៀតមិនទាន់មានការិយាល័យទំាងពីរនេះទេ។ ពេលនេះរាជរដ្ឋាភិបាលបានដាក់ចេញ ឲ្យអនុវត្តនូវ អនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្តការ ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព រយៈពេលខ្លី ច្បាស់លាស់អាចជឿទុកចិត្តបានតម្លៃថោកប្រកប ដោយគុណភាពល្អ និងគណេយ្យភាព នៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល លើវិស័យនានា នៅកន្លែងតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋជាពិសេសចូលរួម ចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយផងដែរ។
លោក សុខ លូ បានបន្តថា ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នឹងចាប់ដំណើរការអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ ដូច្នេះសូមលោកប្រធានមន្ទីរអង្គភាព លោកអភិបាលស្រុកទំាងអស់ ត្រូវយកចិត្តទុក និងរៀបចំមន្ត្រីដើម្បីទទួលការងារនេះ ឲ្យបានដំណើរការល្អ ក្នុងការបម្រើសេវាសាធារណៈដែលជាសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក សុខ លូ បានសង្កត់ធ្ងន់ថា ការទទួលសេវាទំាងអស់ត្រូវ គឺយើងត្រូវធ្វើតាមការណែនាំតាមប្រកាសអន្តរក្រសួង ដែលបានកំណត់អំពីតម្លៃសេវា ទំាងអស់ក្នុងនោះមិនអាចនណាម្នាក់ កំណត់អំពីតម្លៃសេវានេះដោយខ្លួនឯងបានទេ៕