(ភ្នំពេញ)៖ ដើម្បីរក្សាបាននៅគុណភាពម្ហូបអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋបរិភោគ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំក្រុមការងារមន្ត្រីក្រោមឱវាទ សហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញ នៅផ្សារនាគមាស ខណ្ឌទួលគោក ដើម្បីពិនិត្យមើលកាលបរិច្ឆេទ នៅលើសំបកវេចខ្ចប់របស់ទំនិញ និងរកសារធាតុគីមីក្នុងទំនិញ។
លោក គង់ វុទ្ធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ គឺធ្វើឡើងតាមការណែនាំ ពីលោកប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ។ លោកបន្តថា ការចុះពិនិត្យទំនិញនៅផ្សារនាគមាសនេះ ក្រុមការងាររបស់លោកបានយកទំនិញចំនួន ៥៩ មុខ ពីក្រុមអាជីវករផ្សារ ទៅពិនិត្យក្នុងឡានឡាប៉ូពិសោធន៍ស្វែងរកសារធាតុគីមីភ្លាមៗតែម្តង។
ជាក់ស្តែង បានពិនិត្យរកឃើញមានសារធាតុគីមី នៅក្នុងទំនិញចំនួន២មុខរួមមាន៖ ជីរណា ១២,៥kg, ស្ពៃបូកគោ ១៦,៥គីឡូក្រាម សរុបទាំងអស់ចំនួន ២៩គីឡូក្រាម ត្រូវបានក្រុមការងាររបស់លោកដកហូតយកទៅដុតបំផ្លាញចោល និងបានហៅម្ចាស់ទំនិញទាំង២មុខនោះ មកធ្វើកិច្ចសន្យាបញ្ឈប់ការលក់ទំនិញ ដែលមានលាយសារធាតុគីមីតទៅទៀត។
ជាមួយគ្នានោះ លោក គង់ វុទ្ធី ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផល ឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកបានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ចំពោះប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារ ហាង និងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕