(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង ថ្លែងសុំមិនបញ្ចេញឈ្មោះបានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃនេះថា ការសម្រេចប្រកាស លើកបដាទាមទារឲ្យដោះលែងលោក កឹម សុខា, ការប្រកាសស្នើសុំឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមទាមទារដោះលែងលោក កឹម សុខា, ការដាក់លិខិតទាមទារ ឲ្យមន្រ្តីពន្ធនាគារបញ្ជូនលោក កឹម សុខា មកកាន់សាលាឧទ្ធរណ៍ដើម្បីបើកសវនាការនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ ដែលការប្រកាសទាមទារទាំងនេះ គឺជាផែនការក្នុងគោលបំណង ចង់បង្កភាពវឹកវរសណ្តាប់ធ្នាប់ នៅពេលបញ្ជូនលោក កឹម សុខា មកកាន់តុលាការ ដែលនឹងឈានទៅបង្កការផ្ទុះហឹង្សា។
មន្រ្តីជាន់ខ្ពស់ដដែលរូបនោះបានទម្លាយព័ត៌មានឲ្យដឹងទៀតថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៩៖០០នាទីព្រឹកម្សិលមិញ នៅស្នាក់ការគណបក្ស សង្រ្គោះជាតិ ខេត្តកំពង់ចាម មានកិច្ចប្រជុំជាមួយសមាជិកគណបក្ស ដោយបានដាក់ផែនការរៀបចំឲ្យអនុវត្ត គឺរៀងរាល់ថ្ងៃចន្ទមកជួបជុំគ្នានៅស្នាក់ការខេត្ត នៅទូទាំងប្រទេស វេលាម៉ោង០៨៖៣០នាទីហើយថតរូបបង្ហោះលើ Facebook។ គណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើញ្ញត្តិដាក់ថ្វាយព្រះមហាក្សត្រ លើករណីលោក កឹម សុខា ដោយយកតែក្រុមប្រឹក្សាជាប់ឆ្នោត។
ទោះបីប្រធានគណបក្សមានបញ្ហាក៏ដោយ តំណាងរាស្រ្តត្រូវបែងចែកជាទី២ក្រុម គឺក្រុមទី១ដឹកនាំ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ និងក្រុមទី២ ដឹកនាំដោយលោកស្រី មូរ សុខហួរ អនុប្រធានគណបក្ស ដើម្បីចុះពង្រឹងឲ្យបានគ្រប់២៥ខេត្ត-រាជធានីទូទាំងប្រទេស។
ជុំវិញបញ្ហានេះបណ្តាញព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពីខាងអគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាស្ថាប័នតុលាការថា តើមានការសម្រេចនឹងបញ្ជូនលោក កឹម សុខា មកកាន់សាលាឧទ្ធរណ៍ឬយ៉ាងណា ?
ការលួចទម្លាយប្រាប់ពីផែនការខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីការពារក្ដីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ ខែកញ្ញានេះ ដាក់ពាក្យស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ឱ្យមានវត្តមានជនត្រូវចោទ កឹម សុខា នាពេលសវនាការ នៅថ្ងៃទី២៦ ខែកញ្ញាស្អែកនេះ។ ប៉ុន្តែលោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថា បើគ្មានវត្តមានជនត្រូវចោទ កឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តី ពោលគឺការសុំនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ។
លោក សំ សុគង់ មេធាវីការពារក្ដីលោក កឹម សុខា ថ្លែងប្រាប់ភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ថា សវនាការនេះដឹកនាំដោយលោក ឃុន លាងម៉េង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក អ៊ឹម សុផាត ជាតំណាងមហាអយ្យការ ។
លិខិតស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ចុះហត្ថលេខាដោយមេធាវី៧រូប បញ្ជាក់ថា ក្រុមមេធាវី ចង់ឱ្យមានវត្តមានលោក កឹម សុខា នៅចំពោះមុខសភាស៊ើបសួរសាលាឧទ្ធរណ៍ ដោយបានលើកហេតុផលសំខាន់ចំនួន៣ចំណុច ដើម្បីចៀសវាងប៉ះពាល់ផលប្រយោជន៍ស្របច្បាប់របស់កូនក្ដី។
អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ ថ្លែងថា តាមស្មារតីសាលាឧទ្ធរណ៍គឺចង់ឱ្យមានវត្តមានជនត្រូវចោទ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមសវនាការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ។ ប៉ុន្តែប្រសិនបើគ្មានវត្តមានជនត្រូវចោទ កឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តី ពោលគឺការសុំនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ។
លោក ទូច ថារិទ្ធិ បន្តថា ពាក់ព័ន្ធបញ្ហាសន្តិសុខ សុវត្ថិភាព របស់ជនត្រូវចោទ កឹម សុខា គឺជាសមត្ថកិច្ចរបស់អគ្គនាយកពន្ធនាគារ ជាអ្នកទទួលខុសត្រូវ ហើយការសួរដេញដោលនេះគឺពុំចាំបាច់ចំពោះមុខទេ ដែលអាចឱ្យក្រុមប្រឹក្សាជំនុំជម្រះ អាចសម្រេចអំពីការឱ្យនៅក្រៅឃុំ ឬមិនឱ្យនៅក្រៅឃុំបាន។
គួរបញ្ជាក់ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញាស្អែកនេះ នឹងបើកសវនាការបណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងប្រឆាំងនឹងដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទបទល្មើស «ក្បត់ជាតិ»។
សូមជំរាបថា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ។
សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ៕