(ភ្នំពេញ)៖ កាសែតមីយ៉ាន់ម៉ាថែមស៍ដ៏ល្បីមួយរបស់ប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះបានចេញផ្សាយនូវអត្តបទជាភាសាអង់គ្លេសដ៏ចាប់អារម្មណ៍ជាមួយចំណង ជើងថា «Where democracy is ‘still in​ school» ដោយអ្នកវិភាគឯករាជ្យលើកឡើងអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អង្គភាពព័ត៌មាន Fresh News សូមធ្វើការបកប្រែសម្រួលផ្សាយ ជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ខ្លឹមសារទាំងស្រុង៖

យោងទៅលើទស្សនវិស័យប្រវត្តិសាស្រ្ត និងកម្រិតសមត្ថភាពរបស់រដ្ឋ យើងអាចនិយាយបានថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ស្ថិតក្នុងកម្រិត សាលាបឋមសិក្សានៅឡើយ ប៉ុន្តែយើងជឿជាក់ថា យ៉ាងហោចណាស់យើងស្ថិតក្នុងចំណោមសាលាបឋមសិក្សាដែលមានកម្រិតពិន្ទុខ្ពស់ជាងគេ។

ដើម្បីពន្យល់ពីទស្សនៈខាងលើ ខ្ញុំសូមធ្វើការប្រៀបធៀបអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀត ហើយចង្អុលបង្ហាញពីភាព បរាជ័យរបស់គណបក្សប្រឆាំង ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យ។

* លទ្ធិប្រជាធិបតេយ្យកម្រិតអន្តរជាតិ៖

បើលើកឡើងពីបញ្ហាប្រទេស អ៊ុយក្រែន និងស៊ីរី វាជាគ្រោះថ្នាក់នៃការធ្វើអន្តរាគមន៍របស់មហាអំណាច ដែលនាំទៅរកការបង្ហូរឈាមក្នុងស្រុក។ គេបានឱ្យឈ្មោះថា «បដិវត្តពណ៌» ដែលមនុស្សមួយចំនួនបានពិពណ៌នាថា វាជាជោគជ័យដ៏ធំធេងសម្រាប់ការបង្កើតលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែបានលេបត្របាក់អាយុជីវិត មនុស្សរាប់លាននាក់។

ប្រទេសភាគច្រើននៅក្នុងទ្វីបអាស៊ី អតីតជាប្រទេសក្រោមអាណានិគម ដែលខ្វះសមត្ថភាពគ្រប់គ្រង និងផ្តល់សេវាកម្មសាធារណៈគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ មិនស្របតាមការទាមទាររបស់ប្រទេសអ្នកមាន។ នៅពេលភាពមិនសប្បាយចិត្តរបស់សាធារណជនកើតឡើងភ្លាមៗ រដ្ឋាភិបាលខ្វះសមត្ថភាពក្នុងការគ្រប់គ្រងកំហឹង ហើយបន្ទាប់មកអំពើហិង្សាក៏ផ្ទុះឡើង។ នេះគឺជាវិបត្តិដ៏អាក្រក់ដែលប្រទេសកំពុងអភិវឌ្ឍន៍នៅជុំវិញពិភពលោក ត្រូវប្រឈមមុខជាប្រចាំ។

បើគ្មានការគ្រប់គ្រងសមស្របនោះ នៅពេលមានជម្លោះកើតឡើង ធ្វើឱ្យប្រទេសទាំងនេះងាយប្រឈមមុខនឹងភាពរាំងស្ទះ ព្រមទាំងធ្លាក់ទៅក្នុងអំពើហឹង្សា បានយ៉ាងងាយបំផុត។

ប្រសិនបើអ្នកប្រៀបធៀបប្រទេសកម្ពុជា ទៅនឹងសហរដ្ឋអាមេរិក វាមិនខុសអីពីការស្តីបន្ទោសសិស្សថ្នាក់បឋមសិក្សា ដែលមិនអាចសរសេរនិក្ខេបបទបណ្ឌិតដូច្នោះដែរ។ មុនពេលប្រៀបធៀបរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក យើងគួរតែដឹងជាមុនពីស្ថានភាពរវាងប្រទេសទាំងពីរថា តើការបោះឆ្នោតលើកដំបូងត្រូវបាន រៀបចំឡើងនៅពេលណា? តើរដ្ឋធម្មនុញ្ញត្រូវបានអនុម័តនៅឆ្នាំណា? តើប្រទេសទាំងពីរប្រកាសឯករាជ្យនៅពេលណា? តើស្ថានការណ៍ប្រទេសទាំងនេះ មានស្ថានភាពដូចម្តេច បន្ទាប់ពីទទួលបានឯករាជ្យ?

ថ្វីបើប្រទេសថៃ និងហ្វីលីពីន មិនមានសង្រ្គាម និងមានកម្រិតអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ក៏ដោយ ក៏លទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសទាំងពីរ នៅតែត្រូវការដំណើរការ វែងឆ្ងាយតទៅមុខទៀត។ ហើយប្រសិនបើប្រទេសមិនមានសមត្ថភាពក្នុងការគ្រប់គ្រងទេនោះ អំពើហិង្សាក៏នឹងកើតឡើងដូចគ្នា។

យើងសូមរំលឹកឡើងវិញចំពោះប្រទេសមួយចំនួនដែលចង្អុលណែនាំកម្ពុជា ឱ្យយកគំរូប្រជាធិបតេយ្យតាមប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែស្ថានភាពមីយ៉ាន់ម៉ាបច្ចុប្បន្ន មិនប្រសើរនោះឡើយ។ ពួកបរទេសបានត្រឹមតែដាក់សម្ពាធលើប្រទេសកម្ពុជា តែបែរស្ទាក់ស្ទើរមិនហ៊ានដាក់សម្ពាធលើគំរូប្រជាធិបតេយ្យដែលពួកគេ បានបង្កើតឡើងផ្ទាល់ឡើយ បើទោះបីជាដឹងថា វាបរាជ័យក៏ដោយក្តី។

* ប្រទេសកម្ពុជា

ខ្ញុំកត់សម្គាល់ឃើញថា បណ្តាបរទេសភាគច្រើន តែងតែព្យាយាមយកចិត្តទុកដាក់លើប្រទេសរបស់ខ្លួន បើទោះបីជាប្រទេសនោះតូចតាចក្តី ដែលនេះផ្ទុយពីប្រជាពលរដ្ឋ កម្ពុជា ដែលតែងតែព្យាយាមបង្អាប់បង្ខូចខ្លួនឯងទៅវិញ។ ជាលទ្ធផលគឺអ្នកដែលព្យាយាមបង្អាប់កិត្តិយសខ្មែរខ្លួនឯង បែរជាជោគជ័យ។ ពួកគេឈ្នះពានរង្វាន់ ទទួលបានការគោរព ហើយទទួលបានកិត្តិនាមជាអន្តរជាតិ។ ផ្ទុយទៅវិញការកសាងជាតិរបស់ប្រទេសកម្ពុជា បែរជាមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិឡើយ ពាក់ព័ន្ធនឹងបញ្ហាបីយ៉ាង គឺសន្តិភាព ការអភិវឌ្ឍន៍ និងការជំរុញប្រជាធិបតេយ្យ។

យើងត្រូវចងចាំថា ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា មិនអាចធ្វើឱ្យដូចជារដ្ឋទំនើបបានឡើយ។ ទាក់ទងនឹងសន្តិភាព ប្រទេសកម្ពុជាមានមេរៀនមួយដាច់ដោយឡែក ដើម្បីរៀនសូត្រ។ ការកសាងសន្តិភាពនៅកម្ពុជា ខុសពីប្រទេសស្រីលង្ការ ឬយូហ្គោស្លាវី ដែលប្រើយុទ្ធសាស្ត្របោសសម្អាតជនជាតិភាគតិច ឬសង្រ្គាមដើម្បីលុបបំបាត់សត្វខ្លាតាមិល។

សម្រាប់ប្រទេសកម្ពុជាវិញ បានប្រើប្រាស់យុទ្ធសាស្ត្រឈ្នះឈ្នះ ដោយបង្រួបបង្រួមពួកខ្មែរក្រហម ឱ្យចូលក្នុងសង្គមរស់នៅពីព្រោះយើងយល់ថា ការលុបបំបាត់បក្ខពួក ណាមួយ គឺស្មើនឹងការសម្លាប់ប្រជាពលរដ្ឋខ្មែរខ្លួនឯងដូច្នោះដែរ ហើយការប្រើប្រាស់កម្លាំងយោធាជាមធ្យោបាយ មិនអាចបង្កើតសន្តិភាពយូរអង្វែងមួយបានឡើយ។ យុទ្ធសាស្ត្រឈ្នះឈ្នះបានផ្តល់នូវមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ និងសន្តិភាព ដើម្បីដុះចេញជាឬសគល់យ៉ាងរឹងមាំ។

ពាក់ព័ន្ធនឹងការជម្រុញលទ្ធិប្រជាធិបតេយ្យ យើងត្រូវដឹងជាមុនថាតើយើងត្រៀមខ្លួនឱ្យបានល្អដូចម្តេចសម្រាប់កិច្ចការនេះ? តើសង្គមរបស់យើងមានភាពចាស់ទុំគ្រប់គ្រាន់ ដើម្បីប្រកាន់យកស្តង់ដារនៃលទ្ធិប្រជាធិបតេយ្យ តាមការទាមទាររបស់សហគមន៍អន្តរជាតិដែរឬទេ? តើមានមនុស្សប៉ុន្មាននាក់ អាចបែងចែកឱ្យដាច់រវាងសេរីភាព ភារកិច្ច និងការទទួលខុសត្រូវ?

និយាយពីការអភិវឌ្ឍន៍ យើងត្រូវកែលម្អវិស័យអប់រំ បង្កើនសមត្ថភាពរដ្ឋ ដើម្បីផ្តល់សេវាកម្មថែទាំសុខភាព ហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារ ផ្តល់ឱកាសបង្កើនសេដ្ឋកិច្ច ដើម្បីធានាសុខុមាលភាពរបស់ប្រជាជន។ ប៉ុន្ដែតើយើងមានលទ្ធភាពកម្រិតណាដើម្បីផ្តល់សេវាកម្មនោះដល់ប្រជាពលរដ្ឋ? ស្ថានភាពនៅកម្ពុជាបច្ចុប្បន្ន មនុស្សចូលចិត្ត «ប្រើប្រាស់មធ្យោបាយដើម្បីប្រឆាំង» រដ្ឋាភិបាលច្រើនជាងការប្រឹងប្រែងដើម្បីបម្រើសេវាកម្មដល់ប្រជាពលរដ្ឋទៅវិញ។ បច្ចុប្បន្នជំនួយបរទេសផ្តោតសំខាន់ ទៅលើការពង្រឹង «មធ្យោបាយដើម្បីប្រឆាំងតវ៉ា» តែមិនអើពើ «ការបម្រើសេវាកម្ម» ដល់ប្រជាពលរដ្ឋឡើយ។

ឧទាហរណ៍ពួកគេមិនបានជួយយើងក្នុងការកសាងគម្រោងអគ្គិសនីទេ ប៉ុន្តែបែរជាជំនួសដោយហាមឃាត់មិនឱ្យកសាងរោងចក្រវារីអគ្គីសនីទៅវិញ។ ហេតុនេះវាធ្វើឱ្យប្រជាជនប្រឆាំងតវ៉ា ចំពោះការមិនមានចរន្តអគ្គីសនីប្រើប្រាស់ ឬប្រឆាំងនឹងតម្លៃអគ្គិសនីខ្ពស់។
ដូច្នេះតើមានជម្រើសអ្វីដែលសេសសល់សម្រាប់រដ្ឋាភិបាលនោះ?

តើមានអ្នកជំនាញវ័យក្មេងប៉ុន្មាននាក់មានឆន្ទៈចូលរួមជួយដល់រដ្ឋាភិបាលដោយមិនត្អូញត្អែរអំពីប្រាក់បៀវត្សរ៍ គ្មានបក្ខពួកនិយម និងគ្មានការរអ៊ូរទាំនោះ។ បច្ចុប្បន្ន រដ្ឋាភិបាលបានជ្រើសរើសមន្ត្រីដោយបើកចំហ ដោយមិនកំណត់វ័យឡើយ។ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ ចាប់អារម្មណ៍ចូលរួមក្នុង «បង្កើនមធ្យោបាយបម្រើសេវាកម្ម» ដល់ប្រជាពលរដ្ឋនោះ? ផ្ទុយទៅវិញ ពួកគេបែរជាវិនិយោគប្រាជ្ញា និងថាមពលរបស់ខ្លួន ដើម្បីជម្រុញ «ការប្រឆាំងតវ៉ា» រដ្ឋាភិបាលទៅវិញ។

* បរាជ័យរបស់បក្សប្រឆាំង៖

រហូតមកទល់ពេលនេះ យើងនៅតែមិនទាន់ដឹងច្បាស់នៅឡើយថា តើគណបក្សប្រឆាំងនៅកម្ពុជាចង់ជំរុញលទ្ធិប្រជាធិបតេយ្យ តាមរយៈការជជែកពិភាក្សាក្នុងសភា ការបោះឆ្នោត ឬបាតុកម្មនោះទេ។ តាមអ្វីដែលខ្ញុំបានឃើញ ពួកគេមិនបានផ្តល់គំរូល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ ឬការជជែកវែកញែកដ៏ត្រឹមត្រូវ ដើម្បីធានាបានការអភិវឌ្ឍ ដោយផ្អែកលើសុខដុមរមនាសង្គម និងសន្តិភាពឡើយ។ ខ្ញុំបានត្រឹមតែឃើញពួកបក្សប្រឆាំង បង្រៀនមនុស្សឱ្យបែងចែកបក្ខពួក ធ្វើការប្រឆាំងតវ៉ា និងញុះញង់ការរើសអើងពូជសាសន៍ និងការមិនគោរពតាមរដ្ឋាភិបាលប៉ុណ្ណោះ។

នៅប្រទេសអាឡឺម៉ង់ ពួកបក្សប្រឆាំងនឹងត្រូវផាកពិន័យជាប្រាក់ចំនួន៥០លានដុល្លារ សម្រាប់ញុះញង់ ព្រមទាំងត្រូវប្រឈមមុខនឹងការរំលាយបក្សថែមទៀតផង។ ប៉ុន្តែបក្សប្រឆាំងនៅកម្ពុជា បានធ្វើប្រតិបត្តិការ ដោយទទួលបានជំនួយបរទេសយ៉ាងរឹងមាំ។

តើមានចំណុចខ្សោយអ្វីខ្លះ ដែលយើងរកឃើញនៅក្នុងប្រទេសកម្ពុជា? ជាការពិតការស្វែងរកភាពទន់ខ្សោយ គឺជារឿងងាយស្រួលបំផុត។ មនុស្សបោះបង់ការផ្តោត យកចិត្តទុកដាក់លើការស្វែងរកដំណោះស្រាយ ហើយបែរជាបង្កើតបក្សនយោបាយដោយផ្អែកលើកំហឹង ការញុះញង់ និងភាពមិនសប្បាយចិត្តក្នុងសង្គមទៅវិញ។

តើមានប៉ុន្មានដង ដែលយើងឃើញគណបក្សប្រឆាំងអង្គុយក្នុងសភា ដើម្បីដោះស្រាយ ភាពមិនសប្បាយចិត្តក្នុងសង្គម ជំនួសឱ្យការដើរញុះញង់តាមដងផ្លូវ និងតាមបន្ទាត់ព្រំដែននោះ? តើពួកគេស្នើគោលនយោបាយប៉ុន្មានចំណុច? តើពួកគេអាចពិភាក្សាអំពីគោលនយោបាយទាំងនោះ ដូចនៅជប៉ុន និងសហរដ្ឋអាមេរិក ដោយផ្អែកលើគោលនយោបាយ ពីក្រុមអ្នកជំនាញ និងក្រសួងនានាដែរឬទេ?

ខ្ញុំគិតថា ពួកគេនឹងមិនបាត់បង់អភ័យឯកសិទ្ធិក្នុងនាមជាសមាជិកសភាឡើយ ប្រសិនបើបក្សប្រឆាំងទាំងនោះបានជជែកវែកញែកក្នុងរដ្ឋសភា ជាជាងប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកដើម្បីផ្សព្វផ្សាយផែនទីក្លែងក្លាយ ឬរៀបចំផែនការដើម្បីដណ្តើមអំណាច ក្រោមជំនួយពីមូលនិធិ និងភ្នាក់ងារបរទេសនោះ។ សម្រាប់បណ្តាប្រទេសនានាលើពិភពលោក ទង្វើបំពានដ៏ធ្ងន់ធ្ងរបែបនេះ នឹងត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់។

ជាមួយនឹងការរក្សាសន្តិភាព និងការអភិវឌ្ឍន៍បច្ចុប្បន្ន កម្រិតប្រជាធិបតេយ្យនៅកម្ពុជានឹងបន្តអភិវឌ្ឍមួយជំហានម្តងៗ ។ យើងត្រូវធានាបានថា លទ្ធិប្រជាធិបតេយ្យ មានសេរីភាពគ្រប់គ្រាន់ដើម្បីចាក់ឬសបន្តិចម្តងៗ។ ជាការពិត យើងអាចនិយាយបានថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ទើបតែស្ថិតនៅក្នុងកម្រិតបឋមនៅឡើយ ប៉ុន្តែយើងដឹងច្បាស់ថា យើងស្ថិតក្នុងចំណោមប្រទេសដែលមានកម្រិតពិន្ទុខ្ពស់ជាងគេ៕

ដោយសារព័ត៌មាន The Myanmar Times និងបកប្រែសម្រួលដោយ៖ អ៊ឹត ចណ្ណា