(ភ្នំពេញ)៖ ក្រោយពីមានជំនន់ទឹកភ្លៀងជន់លិចមូលដ្ឋានក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបន្តដឹកនាំមន្រ្តីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពប្រឡាយដើមស្លែង និងប្រឡាយលូប្រាំ ដើម្បីបញ្ជៀសបញ្ហាទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពជាក់ស្តែងលើប្រឡាយទឹកមួយចំនួន នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយសារតំបន់នេះតែងទទួលរងការលិចលង់ដោយទឹកជំនន់ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដូច្នេះហើយ ទើបលោកអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យដោះស្រាយលើបញ្ហាទឹកលិចនេះតែម្តង។

មន្រ្តីសាលារាជធា​នីភ្នំពេញ បានឲ្យដឹងផងដែរថា បញ្ហាទឹកលិចនៅតំបន់នោះ បណ្ដាលមកពីមានភាពមិនប្រក្រតីមួយចំនួន ដោយសារតែមានការរំលោភកេងយកដីមាត់ប្រឡាយ ពិសេសអ្នកសាងសង់បុរីលក់នៅតំបន់ប្រឡាយបារាំង ក្នុងខណ្ឌសែនសុខ ដែលធ្វើឲ្យផ្លូវលេខ២០០៤ ផ្លូវដួងងៀប ផ្លូវក្រវ៉ាត់ក្រុងទី២ តំបន់ភូមិសាស្ត្រទឹកថ្លា និងតំបន់ភូមិសាស្ត្រខាងកើត និងខាងត្បូងព្រលានយន្តហោះ ទទួលរងការលិចលង់ជារឿយៗ ពេលមានភ្លៀងធ្លាក់ខ្លាំង។

ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំងពីរ និងមន្រ្តីសាធារណការ​ប្រចាំរាជធានីភ្នំពេញ ត្រូវប្រញាប់ចុះត្រួតពិនិត្យនៅតាមបណ្ដោយ ប្រឡាយបារាំង ដើម្បីពិនិត្យបច្ច័យឲ្យបានល្អិតល្អន់ មុននឹងបើកដំណើរការជីកដីដាក់លូថ្មីរំដោះទឹកជំនន់ និងពន្យល់ប្រាប់ប្រជាពលរដ្ឋនៅតាមចញ្ចើមផ្លូវ និងនៅក្នុងបុរីភ្នំពេញថ្មី ខណ្ឌសែនសុខ សូមមានការយោគយល់ដល់ក្រុមការងារផង នៅពេលដំណើរការដាក់លូនោះ។

ជាទិសដៅចំពោះមុខ លោក ឃួង ស្រេង បានជំរុញឲ្យមន្ត្រីជំនាញធ្វើការសើរើ និងពិនិត្យឡើងវិញថា តើមូលហេតុអ្វីបានជាមានការលិចលង់។ ក្នុងនាមអាជ្ញាធរ ដាច់ខាតត្រូវដោះស្រាយនូវកង្វល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនេះ៕