(ប៉េកាំង)៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅទីក្រុងបេកាំង នៃសាធាណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអញ្ជើញពិនិត្យ និងសិក្សាស្វែងយល់ពីវិស័យកម្មសិទ្ធិបញ្ញា និងបានជួបពិភាក្សាការងារ ជាមួយភាគីចិន ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាស្តីពី កិច្ចសហប្រតិបតិ្តការទេ្វភាគីអំពីកម្មសិទ្ធិបញ្ញា រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម (MIH) នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋ (SIPO) នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលការស្វាគមន៍ ពីថ្នាក់ដឹកនាំអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋចិន ក្នុងដំណើរទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាល កម្មសិទ្ធិបញ្ញា និងអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋចិន ដើម្បីពិនិត្យ និងស្វែងយល់ពីសកម្មភាព អនុវត្ត និងការរីកចំរើននៃកម្មសិទ្ធិបញ្ញា នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរទស្សនកិច្ចនោះ លោកទេសរដ្ឋមន្រ្តី បានពិនិត្យមើលលើស្នាដៃ នៃការបង្កើតបច្ចេកវិទ្យាថ្មីៗ ដែលបានតំកល់ទុកនៅក្នុង SIPO គ្រប់ជំនាន់ ដើម្បីជាមូលដ្ឋានក្នុងការទាញយក នូវបទពិសោធន៍ និងចំណេះដឹង ដែលមានប្រយោជន៍ មកអនុវត្តក្នុងវិស័យកម្មសិទ្ធិបញ្ញា នៅប្រទេសកម្ពុជា ឲ្យមានការរីកចំរើន។
បន្ទាប់ពីដំណើរទស្សនកិច្ច លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគី ជាមួយលោករដ្ឋមន្រ្តី រដ្ឋបាលកម្មសិទ្ធិបញ្ញារដ្ឋចិន Shen Changyu លើកិច្ចសហប្រតិបតិ្តការ កម្មសិទ្ធិបញ្ញារវាង MIH និង SIPO។ ក្នុងជំនួបនៃកិច្ចប្រជុំនេះ ភាគីចិនក៏បានលើកយកពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋចិន លើគ្រប់វិស័យតាំងពីយូរលង់ណាស់មកហើយ ព្រមទាំងបានរៀបរាប់ អំពីដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី កាលពីខែឧសភា ឆ្នាំ២០១៧ អំពីការរឹតបណ្តឹងចំណងមិត្តភាព រវាងប្រទេសដែលនៅក្រោមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ ភាគីទាំងក៏បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី កិច្ចសហប្រតិបតិ្តការ ទេ្វភាគីអំពីកម្មសិទ្ធិបញា។
គោលបំណងនៃការចុះ MOU នេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅលើកិច្ចការពារកម្មសិទ្ធិបញ្ញា នៃប្រទេសទាំងពីរ បើកផ្លូវឲវិនិយោគិនចិន នាំយកបច្ចេលវិទ្យាថ្មីៗ ទៅការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា និងទៅធ្វើវិនិយោគ នៅកម្ពុជាឲកាន់តែច្រើន ពីព្រោះប្រទេសកម្ពុជា ជាប្រទេស LDC ដែលទទួលបានការអនុគ្រោះពន្ធ នាំចេញទំនិញទៅបណ្តាលប្រទេសជាច្រើន នៅក្នុងពិភពលោក នេះជាឱកាសដែលអ្នកវិនិយោគគិន ពីប្រទេសដែលបានរកឃើញ និងអភិវឌ្ឍនូវបច្ចេកវិជ្ជាថ្មីៗ នឹងយកបច្ចលវិទ្យាទាំងនោះ ទៅការពារកម្មសិទ្ធិបញ្ញា និងធ្វើការផលិតនាំចេញផលិតផល និងទំនិញ ទាំងនោះទៅកាន់ទីផ្សារអន្តរជាតិទៀតផង។ មិនតែប៉ុណ្ណោះតាមរយៈការចុះ MOU នេះកម្ពុជា នឹងទទួលបានការជួយបណ្តុះបណ្តាល មន្ត្រីជំនាញពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ឲ្យមានចំណេះដឹងនិងបទពិសោធន៍ ក្នុងកិច្ចដំណើរត្រួតពិនិត្យ
ប្រកាសនីយបត្រតក្កកម្ម និងកិច្ចការការពារកម្មសិទ្ធិបញ្ញា នៅកម្ពុជាដោយការបញ្ជូនអ្នកជំនាញរបស់ SIPO មកធ្វើការបណ្តុះបណ្តាល មន្ត្រីនៅក្នុងប្រទេស និងបញ្ជូនមន្រ្តីទៅបណ្តុះបណ្តាល នៅប្រទេសចិន។
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូ ទៅធ្វើទស្សនកិច្ចនៅ Local IP Institutes ដែលបានទទួលស្វាគមន៍ ដោយលោក Wang Hong ជាប្រធានគ្រប់គ្រងនៃវិទ្យាស្ថាននេះ។ គោលបំណង គឺដើម្បីស្វែងយល់ពីដំណើរការគ្រប់គ្រង និងការវិវឌ្ឍន៍នៃបច្ចេកវិទ្យា និងសមិទ្ធផលដែលវិទ្យាស្ថាន សម្រេចបានកន្លងមក។ លោកទេសរដ្ឋមន្រ្តីបានកោតសរសើរយ៉ាងខ្ពស់ អំពីការគ្រប់គ្រងការអនុវត្តការផលិត នូវបច្ចេកវិទ្យាថ្មីៗ សម្រាប់បម្រើផលប្រយោជន៍ ក្នុងប្រទេសចិន បច្ចុប្បន្ន។ បន្ទាប់ពីដំណើរទស្សនកិច្ច នៅវិទ្យាស្ថាននេះ លោកទេសរដ្ឋមន្រ្តី អមដោយគណៈប្រតិភូ បានចូលជួបសវនការជាមួយ លោកទេសរដ្ឋមន្រ្តី Wang Yong ទទួលបន្ទុកកិច្ចការទ្រព្យសម្បត្តិរដ្ឋ និងកម្មសិទ្ធិបញ្ញា ដើម្បីពង្រឹងចំណងមិត្តភាព នៃប្រទេសទាំងពីរ និងធ្វើកិច្ចសហប្រតិបត្តិការ លើកិច្ចការពារកម្មសិទ្ធិបញ្ញាឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ក្នុងជំនួបពិភាក្សានោះលោក Wang Yong បានអបអរសាទរ និងកោតសរសើរនូវគំនិតផ្តួចផ្តើម របស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្នុងការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា នៃការទទួលស្គាល់ប្រកាសនីយបត្រចិន លើកទី១នៅក្នុងប្រទេសចិន ហើយនៅថ្ងៃក្រោយ នឹងមានប្រទេសជាច្រើនទៀត អាចធ្វើដូចកម្ពុជា ហើយលោកបានបន្ថែមទៀតថា ការចុះហត្ថលេខាលើ MOU នេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ ពីកិច្ចការពារកម្មសិទ្ធិបញ្ញា ក្នុងការទាក់ទាញវិនិយោគិន ទៅវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
លោក Wang Yong ក៏បានសន្យាថា នឹងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យកម្មសិទ្ធិបញ្ញា រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងជាងមុន។ MOU ស្តីពីសហប្រតិបតិ្តការអំពី កម្មសិទិ្ធឧស្សាហកម្មនេះ ជាសញ្ញាមួយដ៏ល្អក្នុងការ បន្តពង្រឹងទំនាក់ទំនងកម្ពុជា និងចិនឲ្យកាន់តែរឹងមាំថែមទៀត លើវិស័យកម្មសិទ្ធិបញ្ញា កិច្ចការពារកម្មសិទ្ធិបញ្ញា និងបើកទូលាយបន្ថែមទៀតនូវឱកាសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនវិនិយោគបរទេសចូលមកក្នុងប្រទេស ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត តាំងពីយូលង់ណាស់មកហើយ និងបានពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា រហូតដល់បច្ចុប្បន្ន។ លោកបានសំណូមពរឲ្យមិត្តចិន ជួយជម្រុញវិនិយោគិនពីប្រទេសចិន ចូលទៅវិនិយោគនៅប្រទេសកម្ពុជាឲ្យបានច្រើន បន្ថែមទៀត និងជួយគាំទ្រឲ្យមាន មជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗ នៅកម្ពុជាទៀតផង ហើយបានស្នើអញ្ជើញលោក Wang Yong មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលការខ្វះខាត របស់អ្នកវិនិយោគចិននៅកម្ពុជា៕